កម្ពុជាបង្ហាញការ​​ប្តេជ្ញាចិត្ត​ជំរុញវិស័យ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីអាស៊ាន


ទីក្រុងហ្សាកាតា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ក្នុងតំបន់ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២១ (AMMSTI-21) ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំ។ កិច្ចប្រជុំបានអនុម័តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦-២០៣៥ (APASTI) ដែលជាក្របខ័ណ្ឌរួមសម្រាប់ពន្លឿនសមាហរណកម្ម ភាពប្រកួតប្រជែង និងនិរន្តរភាពរបស់អាស៊ាន តាមរយៈនវានុវត្តន៍។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះដំណើរការរៀបចំផែនការសកម្ម​ភាព APASTI ដែលមានលក្ខណៈពិគ្រោះយោបល់ ព្រមទាំងបានជំរុញឱ្យប្រទេសជាសមាជិកអាស៊ានបន្តមហិច្ឆតាខ្ពស់ក្នុងការអនុវត្តផែនការនេះ។ ឯកឧត្តមបានលើកឡើងថា៖​ “កម្ពុជាមានការប្តេជ្ញាចិត្តមុតមាំចំពោះចក្ខុវិស័យក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ានដ៏រស់រវើក និងមានភាពធន់ ផ្អែកលើមូលធនមនុស្ស ឧត្តមភាពនៃការស្រាវជ្រាវ និងសមាហរណកម្មក្នុងតំបន់។”

កិច្ចប្រជុំ AMMSTI ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ជាវេទិកាដែលរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំដឹកនាំ និងតម្រង់ទិសកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយមានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN COSTI) ជាសេនាធិការ។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនពីវឌ្ឍនភាពវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា ក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងផែនទីបង្ហាញផ្លូវវិស័យ វ.ប.ន. ឆ្នាំ២០៣០ ដែលជាមូលដ្ឋានក្នុងការកសាងសមត្ថភាពវិស័យ ជំរុញការស្រាវជ្រាវ និងលើកកម្ពស់ការចូលរួមពីវិស័យឯកជន។

កម្ពុជាក៏កំពុងរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយថ្មីៗ ដូចជាអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ ច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា និងមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិដើម្បីកៀគរធនធានជាដើម។ ឯកឧត្តមបានបន្ថែមថា៖ “ក្របខ័ណ្ឌទាំងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ជំរុញកំណើនប្រកបដោយនិរន្តរភាព និងបរិយាបន្ននៅក្នុងអាស៊ាន។”

ឯកឧត្តមក៏បានរំលេចអំពីគំនិតផ្តួចផ្តើមមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ក្រោមកិច្ចសហការដឹកនាំដោយកម្ពុជា និងឥណ្ឌូនេស៊ី ដែលជាវេទិកាផ្គូផ្គងសម្រាប់ការផ្សារភ្ជាប់ការស្រាវជ្រាវ នវានុវត្តន៍ និងការធ្វើពាណិជ្ជកម្មផលិតផលបច្ចេកវិទ្យានៅទូទាំងអាស៊ាន។

ឯកឧត្តមបានស្នើបង្កើតគំនិតផ្តួចផ្តើមចំនួន៦ ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥ ដោយរួមមានការបន្ស៊ីការស្រាវជ្រាវជាតិជាមួយវេទិកាតំបន់ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការបង្កើតប្រព័ន្ធពិនិត្យតាមដានវឌ្ឍនភាពក្នុងតំបន់ ការលើកកម្ពស់ភាពជាដៃគូវិស័យសាធារណៈ និងឯកជននៅក្នុងបច្ចេកវិទ្យាសក្តានុពលឈានមុខ (frontier technology) និងការបង្កើតផែនការសកម្មភាពលម្អិត។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហការដើម្បីគាំទ្រការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ផងដែរ។

ក្រៅពីកិច្ចប្រជុំ AMMSTI-21 ឯកឧត្តមបានជួបទ្វេភាគីដោយឡែក ជាមួយសាស្រ្តាចារ្យ Kazuhito Hashimoto ប្រធានទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (JST), រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ម៉ាឡេស៊ី, និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើការស្រាវជ្រាវ និងការកសាងសមត្ថភាពរួមគ្នា។