ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី


(តាកែវ)៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.១៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធទិវាមច្ឆជាតិ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញអារម្មណ៍រីករាយ បានអញ្ជើញចូលរួមទិវាមច្ឆជាតិនាព្រឹកថ្ងៃនេះ នៅបឹងទន្លេបាទី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី ១ ខែ កក្កដា ប្រារព្ធទិវាមច្ឆជាតិជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និង បំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ, ជាពិសេសប្រជាពលរដ្ឋ និង ប្រជានេសាទមូលដ្ឋាន ចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរប្រហុកសៀមរាប ដែលត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) កាលពីខែឧសភាកន្លងទៅ ក្រោមការដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ព្រមទាំងដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ក្រសួង-ស្ថាប័ន កងយោធពលខេមរភូមិន្ទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីសម្រេចគោលដៅរួម ក្នុងការទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក និងបទល្មើសនេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ សំដៅពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិ​ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យរួមគ្នាទប់ស្កាត់បទល្មើសនេសាទបន្តទៅទៀត ធ្វើសកម្មភាពដូចភ្លៀងរលឹម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារឿងល្អដែលកម្ពុជាសម្បូរត្រីលក់មិនអស់ ហើយមានតម្លៃសមរម្យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសេចក្តីព្រាងច្បាប់ស្តីពីជលផល ទទួលបានការសម្រេច​យល់ព្រមពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ហើយត្រូវបានអនុម័តដោយរដ្ឋសភា និង ព្រឹទ្ធសភា។ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាប្រកាស​ឱ្យប្រើ​នាពេលខាងមុខ, ច្បាប់ស្តីពីជលផលនឹងក្លាយជាឧបករណ៍គតិយុត្តថ្មី ស្របនឹងបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដ៏ប្រសើរថ្លៃថ្លា​ទាំងអស់នេះពិតជាមិនអាចកាត់ផ្តាច់ចេញ បានពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញនៅទូទាំងប្រទេស ដែលប្រសូត្រចេញពីនយោ​បាយ​ឈ្នះ-ឈ្នះ និង ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះកិច្ចការធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យកសិកម្ម ត្រូវបានដាក់ចេញជាបន្តបន្ទាប់តាមរយៈ គោលនយោបាយ និង យុទ្ធសាស្រ្តជំរុញផលិតកម្ម និងបង្កើនទិន្នផលចាប់តាំងពីឆ្នាំ១៩៨៧ ដើម្បីផ្ទេរពីការអភិវឌ្ឍបែបបើកទូលាយ មកជាការអភិវឌ្ឍបែបស៊ីជម្រៅតាមរយៈការដោះស្រាយទឹក, ការបង្កើនការដាំដុះ, ការធ្វើប្រពល-វប្បកម្មលើផ្ទៃដី ដែលមាន ព្រមទាំងការស្រាវជ្រាវ, ការប្រើប្រាស់បច្ចេកវិទ្យា និងពូជថ្មីៗការធ្វើទំនើបកម្មគ្រឿងយន្តកសិកម្ម ការដាក់ចេញគោលនយោបាយអនុគ្រោះពន្ធដល់វិស័យកសិកម្ម និងការបង្កើនផ្ទៃដីផលិតកម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីថែរក្សាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលសម្រេចបានក្រោមការដឹកនាំ និងប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន, ជាពិសេសសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យក៏ដូចជា ដើម្បីបង្កើនល្បឿនការអភិវឌ្ឍប្រទេសជាតិ និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៥០។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញ និងជំរុញអនុវត្ត ក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅលើកកម្ពស់ «កំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីពិភពលោកស្ថិតក្នុងកំដៅនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចស្មុគ្រស្មាញ, ការពិបាកព្យាករទុកជាមុននៃសេដ្ឋកិច្ចពិភពលោក, ជម្លោះពាណិជ្ជកម្ម និងសង្គ្រាមក្នុងតំបន់មួយចំនួនដែលបាននិងកំពុងមានកម្មវិបាកអវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្តី, រាជរដ្ឋាភិបាលនៅតែជម្នះបានគ្រប់ឧបសគ្គ និងសម្រេចបានកំណើនសេដ្ឋកិច្ច​ល្អ​ប្រសើរ​ជាបន្តបន្ទាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងវិស័យកសិកម្ម, រាជរដ្ឋាភិបាល​នៅតែបន្តផ្តល់អាទិភាព ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាតុល្យភាពរវា​ង​កា​រ​អភិរក្ស និងការអភិវឌ្ឍ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញ ក្នុងស្មារតីបុរេសកម្ម និង ប្រកបដោយប្រសិទ្ធភាព, វិស័យកសិកម្មកម្ពុជាបន្តរក្សាបាននូវភាពរឹងមាំ មានភាពធន់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយផលប៉ះពាល់ ជាអវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ, ជាពិសេសបញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភ ព្រមទាំងចូលរួមកាត់បន្ថយ អតិផរណាតម្លៃស្បៀងក្នុងប្រទេស, ទោះបីកម្ពុជាជួបបញ្ហាគ្រោះធម្មជាតិ ជាច្រើនលើក ហើយខណៈដែលពិភពលោកជួបប្រទះវិបត្តិសកលជាបន្តបន្ទាប់ក្តី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយរដ្ឋប្រហារ១៨ មីនា ១៩៧០ ធ្វើឱ្យកម្ពុជាក្លាយពីប្រទេសមានសន្តិសុខស្បៀង ក្លាយទៅជាប្រទេសអត់ស្បៀង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនជាមួយថៃ មិនធ្វើឱ្យប៉ះពាល់សន្តិសុខស្បៀងនោះឡើយ ហើយក៏ធានាបានការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់កម្ពុជាផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានសន្តិភាពអ្នកប្រឆាំង​ក៏គ្មានឱកាសលេងហ្វេសប៊ុកវាយប្រហាររាជរដ្ឋាភិបាលនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម្ចាស់ការលើសន្តិសុខស្បៀងក្នុងពេលកម្ពុជាជួបការលំបាកដូចជាការរាតត្បាតជំងឺកូវីដ១៩ និងពេលបិទព្រំដែនជាមួយថៃ បង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយកសិកម្មរបស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជាយកឈ្នះលើការគំរាមទាំងឡាយរបស់ថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យរៀបចំគោលនយោបាយវិនិយោគ លើវិស័យកសិឧស្សាហកម្មនៅភាគខាងលិចប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អស់សំណើចនឹងសម្តីអ្នកនយោបាយថៃ ដែលលើកឡើងថា បញ្ហាផ្ទៃក្នុងប្រទេសរបស់ថៃ កើតដោយសារកម្ពុជាកកូរកកាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តន៍វិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជានោះឡើយ។ ថៃបិទដោយឯកតោភាគី ដូច្នេះបើកដោយខ្លួនឯងទៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាអត់លេងបិទពួនជាមួយថៃនោះទេ។ កម្ពុជា សំឡេងតែមួយពីលើ ដល់ក្រោម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងបិទបើកព្រំដែន កម្ពុជា មិនដឹងនិយាយជាមួយតួអង្គណានោះទេ ព្រោះនៅថៃមានច្រើនតួអង្គពេក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមានរថយន្តថៃជាប់នៅលើដីកម្ពុជានោះទេ។ រឿងបិទបើកច្រកព្រំដែន កូនសោនៅលើដៃរបស់ថៃ មិនស្ថិតលើកម្ពុជានោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅតាមព្រំដែន ដែលបានយោគយល់ចំពោះការលំបាក របស់រាជរដ្ឋាភិបាលចំពោះមុខភាពមិនច្បាស់លាស់របស់ថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា រង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដើម្បីជជែកលើបញ្ហាព្រំដែនជាមួយគ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅប្រាសាទតាមាន់ជាតំបន់មិនទាន់ដាច់ស្រេច ថៃមិនអាចបិទមិនឱ្យពលរដ្ឋខ្មែរ ចូលទៅលេងបាននោះឡើយ។ បិទ គឺឆ្លងបន្ទាត់ក្រហម នឹងមានរឿង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រូវការតែភាពត្រឹមត្រូវ។ កុំចុះហត្ថលេខានឹងដៃលុបនឹងជើង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាក់ទំនងរវាងប្រទេស និងប្រទេស គឺត្រូវការមនុស្សធ្វើការច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលជាតិមានបញ្ហាធ្វើឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់ពីគោលនយោបាយ ដឹកនាំប្រទេសជាច្រើនអាណត្តិមកនេះ គឺដើម្បីតែផលប្រយោជន៍សម្រាប់ និងប្រជាជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើពលករត្រឡប់ពីប្រទេសថៃ និងរកការងារជូនពួកគេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានគាំទ្រផ្នែកស្មារតីយ៉ាងផុលផុស ដើម្បីការពារផលប្រយោជន៍ជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរគណៈកម្មការព្រំដែនចម្រុះ ក្រុមការងារប្តឹងទៅ ICJ ក៏ដូចជាក្រុមអ្នកនាំពាក្យ ក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រផលិតផលរបស់ខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរ សូមឲ្យស្មារតីជាតិនិយមមួយនេះស្ថិតស្ថេរជារឿងរហូត

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកផលិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណភាពផលិតផល។ មិនអាចបង្ខំឱ្យប្រជាពលរដ្ឋទិញផលិតផលគ្មានគុណភាពនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានប្រជាពលរដ្ឋនៅជាមួយ គឺធ្វើឱ្យការដឹកនាំកាន់តែរឹងមាំ។ នេះជាកត្តាសត្យានុម័ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់, ជាពិសេសសត្វផ្សោតទន្លេមេគង្គ និង ការអភិរក្សត្រីមេពូជ និងវារីសត្វកំពុងរងគ្រោះ។

* ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និង អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ឱ្យបង្កើនការចូលរួមការ​ពារតំបន់គ្រប់គ្រងជលផល, កន្លែងអភិរក្សជលផល, ដីព្រៃលិចទឹក និង ដីព្រៃកោងកាងពីការទន្ទ្រានកាន់កាប់ ដោយចាត់វិធានការច្បាប់ម៉ឺងម៉ាត់ ព្រមទាំងជំរុញការដាំព្រៃលិចទឹក និង ព្រៃកោងកាងឡើងវិញ ដើម្បីផ្តល់ជម្រក សម្រាប់វារីសត្វគ្រប់ភេទ និង ថែរក្សាចីរភាពធនធានជលផល។ សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ «ផ្តល់ដី ការពារព្រៃ» ដើម្បីជួយបងប្អូនឱ្យទទួលបានដីស្របច្បាប់ និង ពឹងផ្អែកលើមុខរបរកសិកម្ម សម្រាប់គាំទ្រជីវភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីចាប់ដីការពារព្រៃ គឺផ្តល់ដីឱ្យអ្នកដែលអត់ពិតប្រាកដ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តកិច្ចសហការ​ពន្លឿនការចុះបញ្ជីដីរដ្ឋនៃតំបន់គ្រប់គ្រងជលផល កន្លែងអភិរក្សជលផល ដីព្រៃ​លិច​ទឹក និង ដីព្រៃកោងកាង, ជាពិសេស នៅតំបន់ជុំវិញបឹងទន្លេសាប និង តំបន់​សមុទ្រ ដែលជាកន្លែងជម្រកត្រី និងវារីជាតិពងកូន និងធំធាត់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, កងយោធពលខេមរភូមិន្ទ, គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាបន្តទប់ស្កាត់ និង បង្ក្រាប​បទល្មើសនេសាទ ឱ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់ ព្រមទាំងចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះការផលិត, ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និង សមុទ្រថែម​ទៀត ដោយលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេស និង នវានុវត្តន៍វារីវប្បកម្ម ព្រមទាំង​បង្កាត់-ភ្ញាស់ពូជវារីជាតិកម្រប្រឈមនឹងការផុតពូជ និង ផលិតកូនត្រីពូជដែល​មាន​ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីធានាចីរភាពធនធានជលផល និង សន្តិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់វារីវប្បករ ព្រមទាំងកាត់បន្ថយការនាំចូល និងសម្ពាធ​មក​លើធនធានជលផលធម្មជាតិ។ ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹងសមត្ថភាពសមាគមវារីវប្បករកម្ពុជាលើការសម្របសម្រួល និង តម្រង់ទិស​ផែនការផលិតកម្ម ឱ្យឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និង ការកែច្នៃនាំចេញ ដោយ​ពង្រឹងកិច្ចសហការជាមួយ ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ដើម្បីផ្តល់ការគាំ​ទ្រ​ចាំបាច់ ទាំងផ្នែកបច្ចេកទេស គុណភាព និង កម្ចីការប្រាក់ទាប ដល់វារីវប្បករ និងអ្នកកែច្នៃនាំចេញផលិតផលជលផល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយសហការជាមួយ ក្រសួងបរិស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និង និរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និង ប្រជាពលរដ្ឋ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ សម្រាប់ធ្វើនេសាទដូចជា៖ ថ្មស្អុយ, ឧបករណ៍ឆកត្រី, ស្បៃមុង, គ្រឿងផ្ទុះ ដែលឧបករណ៍នេសាទហាមឃាត់, ជាពិសេសសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង (ពីថ្ងៃទី ១ ខែ មិថុនា ដល់ថ្ងៃទី៣១ ខែតុលា)។ មេត្តារួមគ្នា ដើម្បីទុកត្រីឱ្យធំ ឱ្យវាពងញាស់ឡើង កុំចាប់វា កុំបំផ្លាញវា ព្រោះត្រី គឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់​ប្រជា​ជន។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារធនធានជលផល ឱ្យបាន​ស្ថិត​ស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ​បឹងទន្លេបាទី និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ សូមចូលរួមគ្រប់គ្រង និង អភិរក្ស​មច្ឆ​ជាតិ ដែលលែងនៅក្នុងថ្ងែនេះ ឱ្យបានធំធាត់ សម្រាប់បំពេញសេចក្តីត្រូវការម្ហូប​អាហាររបស់បងប្អូនផង និង ភ្ញៀវទេសចរមកលេងកម្សាន្តនៅរមណីយដ្ឋាន​ទន្លេ​បាទីនេះផង។