សិស្សានុសិស្ស ដែលទើបបញ្ចប់ការប្រឡងបាក់ឌុប ក្នុងក្រុងពោធិ៍សាត់ ទទួលបានដំណើរទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ សៀមរាបអង្គរ


សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ក្នុងក្រុងពោធិ៍សាត់ សរុបចំនួន៥៣២នាក់ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នាថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើដំណើរទស្សនកិច្ចសិក្សា ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ដែលជាទឹកដីអង្គរដ៏បវរ នៃព្រះរាជាណាចក្រកម្ពុជាយើង។

ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការឧបត្ថម្ភទាំងស្រុង ពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ និងដោយបានការសម្របសម្រួលពី ថ្នាក់ដឹកនាំ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។

បើតាម ឯកឧត្តម ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានឱ្យដឹងថា ចំពោះដំណើរទស្សនកិច្ចសិក្សា ជូនសិស្សានុសិស្សថ្នាក់ទី១២ ក្នុងក្រុងពោធិ៍សាត់ នាឱកាសនេះ គឺជាការឆ្លើយតបទៅនឹងការសន្យារបស់ឯកឧត្តមប្រធាន កែវ រតនៈ ក្នុងគោលបំណង ផ្ដល់​ឱកាស​ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស បង្កើតអនុស្សាវរីយ៍រួមគ្នាមុនចូលថ្នាក់ឧត្តម ព្រមទាំង​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ការសិក្សា​ឈ្វេងយល់ ​អំពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញរបស់កម្ពុជា នៅក្នុងទឹកដីអង្គរនៃយើង។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ មិនមែនផ្តល់ជូនតែសិស្សានុសិស្សថ្នាក់ទី១២ ក្នុងក្រុងពោធិ៍សាត់ប៉ុណ្ណោះទេ ពោលគឺផ្តល់ជូនសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងខេត្តពោធិ៍សាត់ ដែលជាការឧបត្ថម្ភរបស់ឯកឧត្តមប្រធាន កែវ រតនៈ និងសហការី ដែលជាក្រុមការងារចុះជួយតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត។

ឯកឧត្តម ងួន ប៉ោសេង បាននាំនូវការផ្តាំផ្ញើសេចក្តីនឹករលឹក និងចូលរួមសប្បាយរីករាយពីចំងាយ ពីសំណាក់លោកប្រធាន កែវ រតនៈ ទោះបីជាលោក មិនបានមកដោយផ្ទាល់ក៏ពិតមែន ក៏លោកបានចាត់តំណាង និងក្រុមការងារយុវជន រៀបចំទទួលក្មួយៗ ទាំងការស្នាក់នៅ ហូបចុក និងទស្សនាកំសាន្ត តំបន់រមណីយដ្ឋានរប្បធម៌ប្រវត្តិសាស្ត្រនានា ប្រកបដោយសុខសុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់ ក្រោមម្លប់នៃសន្តិភាព។

ឯកឧត្តមប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងក្រុងពោធិ៍សាត់ទាំងអស់ ដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បើទោះបីជាលទ្ធផលជាប់ ឬធ្លាក់យ៉ាងណាក្តី ក៏មិនត្រូវមោទនភាព ឬតូចចិត្តនោះឡើយ ត្រូវបន្តតស៊ូអភិវឌ្ឍសមត្ថភាពខ្លួន ទាំងចំណេះដឹង ចំណេះធ្វើ និងភាសាបរទេសបន្ថែមទៀត ដើម្បីកសាងអនាគតខ្លួន គ្រួសារខ្លួន និងសង្គមជាតិទាំងមូល ជាពិសេសចូលរួមដើម្បីធ្វើការអភិវឌ្ឍទឹកដីកំណើត របស់យើង។

ជួសមុខឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ទូទាំងក្រុងពោធិ៍សាត់ សូមគោរពថ្លែងអំណរគុណ ជូនចំពោះលោក កែវ រតនៈ, លោក ខូយ រីដា និងលោក ងួន ប៉ោសេង សូមលោកទាំង៣ មានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនឡើង និងទទួលបានជោគជ័យគ្រប់ភារកិច្ច ទាំងកិច្ចការងារបក្ស និងរដ្ឋ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕