តាំងពីគ្រាដំបូង នៃការចាប់ផ្តើមមានជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ ហើយប្រជាជនដែលនៅទីតាំងមានហានិភ័យខ្ពស់ បានចាប់ផ្តើមជម្លៀសជាបន្តបន្ទាប់នោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ស្បៀង និងតង់ ដើម្បីជួយប្រជាជនភៀសសឹកមកតាំងទីលំនៅតាមទីទួលសុវត្ថិភាព បានទាន់ពេលវេលា នៅគ្រប់ទីកន្លែង ដោយចាប់ផ្តើមពីខេត្តព្រះវិហារ និងឧត្តរមានជ័យ ហើយថ្ងៃនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ ទើបចាប់ផ្តើមមានតម្រូវការស្បៀងដើម្បីជួយពលរដ្ឋ។
គិតតាំងពីពេលចាប់ផ្តើមមានជម្លោះ រហូតមកដល់ត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ស្បៀង និងតង់ ជាអាទិ៍៖ ទី១កញ្ចប់ស្បៀង (អង្ករ,ត្រីខ, មីជាតិ, ទឹកសុទ្ធវីតាល់,ទឹកត្រី និងទឹកស៊ីអ៊ីវ) សរុបសម្រាប់ ៧,០០០គ្រួសារ, ដោយមានបន្ថែមនូវមី ចំនួន ១,០០០កេស និងត្រីខ ចំនួន១,៥០០យួរ និងទី២ តង់សរុបចំនួន៣,០០០តង់។
ស្បៀង និងសម្ភារទាំងនេះបានទៅដល់គោលដៅរួចរាល់ (លើកលែងបន្ទាយមានជ័យនឹងទៅដល់យប់នេះ)។ ក្រៅពីនេះ រាជរដ្ឋាភិបាលបានត្រៀមស្បៀង និងតង់គ្រប់គ្រាន់ ដើម្បីធានាអន្តរាគមន៍ជួយពលរដ្ឋភៀសសឹក រស់នៅទីសុវត្ថិភាព ស្របតាមតម្រូវការចាំបាច់នៅគ្រប់ទិសទី៕