អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា ការវាយដំហិង្សាលើពលរដ្ឋខ្មែរ ដោយក្រុមជ្រុលនិយមថៃ នៅប្រទេសថៃ ជាអំពើយង់ឃ្នង អមនុស្សធម៌។ កម្ពុជាអំពាវនាវឱ្យថៃ ចាត់វិធានការ និងផ្តល់យុត្តិធម៌ ចំពោះពលរដ្ឋខ្មែរដែលរងហិង្សា។
លោកជំទាវ បានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្ដធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
លោកជំទាវក៏បានឲ្យដឹងថា ៥ថ្ងៃនេះ ពលករវិលមកកម្ពុជាវិញជាង៤០ម៉ឺននាក់ ខណៈថ្ងៃនេះ រំពឹងថា នឹងវិលត្រឡប់១៥ម៉ឺននាក់ទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា «យើងទទួលបានរបាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងការវាយដំ គំរាមកំហែងពីសំណាក់ក្រុមជ្រុលនិយមថៃ លើពលរដ្ឋខ្មែរនៅទីនោះ ដែលជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងមិនអាចអត់ឱនឲ្យបាន។ កម្ពុជា សូមអំពាវនាវដល់អាជ្ញាធរថៃ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រជាពលរដ្ឋខ្មែរនៅទីនោះ ក៏ដូចជាជនល្មើស ឲ្យទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋរបស់ខ្លួន ដោយផ្តល់យុត្តិធម៌ និងតម្លាភាព ជូនពលរដ្ឋខ្មែរ»។
ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ រហូតដល់ពេលនេះមានជនភៀសសឹកកម្ពុជា ៣៩៨២៨គ្រួសារ៕