រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ ជូនដល់កងទ័ពកម្ពុជាជួរមុខ ឈ្នះគ្រប់សមរភូមិ ក្នុងសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ទាហានថៃ


រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដល់កងទ័ពសមរភូមិជួរមុខកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងអំឡុងពេលសត្រូវឈ្លានពានសៀមបានកំពុងផ្ទុះសង្គ្រាមតាមខ្សែបន្ទាប់ព្រំដែន ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការចំណុះរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣មន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក អង្គភាពពាក់ព័ន្ធ ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃ ប្រមាណ ១០០អង្គ សិស្សានុសិស្ស សមាគម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ប៉ែន កុសល្យ បានប្រារព្ធពិធីអុជធូប ថ្វាយភ្លេង និងគ្រឿងសក្ការៈដល់ទស្សបារមី ព្រះពុទ្ធបដិមា និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ដល់កងទ័ពសមរភូមិជួរមុខ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅបរិវេណវត្តហ្វូងព្រះស្តេចកន (ហៅវត្តព្រៃអង្គរក្នុង) នារសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ការរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ សេចក្តីចម្រើន ដល់កងទ័ពសមរភូមិជួរមុខ នាពេលនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ ឯកឧត្តម ប៉ែន កុសល្យ រួមជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងស្មារតី សមរភូមិក្រោយរួមសាមគ្គីគ្នាជាធ្លុងមួយ លើកទឹកចិត្ត គាំទ្រពេញបេះដូងចំពោះសមរភូមិមុខ និងសូមជូនពរបងប្អូនវីរកងទ័ពយើង សូមមានឫទ្ធិអំណាច ថាមពលខ្លាំងក្លា កំចាត់ខ្មាំងឈ្លានពាន វិនាសអន្តរាយពីទឹកដីកម្ពុជា។

ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានបួងសួងប្រគេនពរជ័យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងគោរពជូនពរសម្តេចមហាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងសូមឲ្យប្រទេសជាតិមានសុខសន្តិភាពជារៀងរហូត។

ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះចង្រៃភ័យអាសន្នទាំងឡាយ និងសម្បូរសប្បាយជានិច្ចនិរន្ត និងប្រជាពលរដ្ឋខ្មែរ និងសូមឲ្យវីរកងទ័ពជួរមុខ នៃកម្ពុជាទទួលបានជ័យជំនះពីពួកឈ្លានពានទឹកដី៕