ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានជំរុញដល់យុវជន យុវនារី និងសិស្សនិស្សិត ត្រូវខិតខំធ្វើការងារតាមជំនាញនីមួយៗ និងខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានច្បាស់លាស់ ដើម្បីទទួលបានចំណេះដឹង សមត្ថភាពពិតប្រាកដ ងាយស្រួលក្នុងការស្វែងរកការងារធ្វើ ឬបើកអាជីវកម្មផ្ទាល់ខ្លួន ឈានទៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានជំរុញបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ឃុំស្នាមព្រះ ស្រុកបាកាន ប្រមាណជិត១ពាន់នាក់ នៅស្នាក់ការគណបក្សឃុំ ដោយបានការចូលរួមពី លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងជាប្រធានក្រុមការងាចុះជួយស្រុកបាកាន លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារមួយចំនួនទៀត។
ឯកឧត្តម កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្កឱកាសជួបជុំពិភាក្សា ស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួន និងបានប្រាស្រ័យសំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឱ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត ពិសេសបានផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ជាច្រើន របស់សមាជិក ប.ស.ស ដូចជាសេវាថែទាំសុខភាពដោយឥតគិតថ្លៃ ទាំងពេលមានជំងឺ ឬគ្រោះថ្នាក់ការងារ ការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃពេលសម្រាកព្យាបាល ព្រមទាំងប្រាក់សោធននិវត្តន៍ សម្រាប់បុគ្គលិកវិស័យឯកជន។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រជាតិ និងថ្នាលឌីជីថល ដើម្បីលើកទឹកចិត្តឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះដោយស្ម័គ្រចិត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ ផ្ដល់ការគាំពារចំគោលដៅ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ សេវាហិរញ្ញវត្ថុ និងសន្តិសុខសង្គមជាដើម។
ឯកឧត្តមស្នើដល់កម្មករ-កម្មការិនី ត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារជាគោល ប្រសិនបើករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ត្រូវជម្រាបទៅមន្ទីរការងារ ឬក្រុមការងារដែលចុះជាប់ជាប្រចាំ ដើម្បីជួបពិភាក្សាដោះស្រាយជូនបងប្អូន។
យើងដឹងទាំងអស់គ្នាហើយថា បញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ គឺថៃជាអ្នកចាប់ផ្តើមការវាយប្រហារ និងបានរំលោភអធិបតេយ្យភាពកម្ពុជាមុន ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានថ្កោលទោស និងស្នើដល់សហគមន៍អន្តរជាតិ ចាត់វិធានការបន្ទាន់ ចំពោះការឈ្លានពានរបស់ថៃ។
ត្រង់ចំណុចនេះ ឯកឧត្តមសូមផ្តាំផ្ញើដល់ខ្មែរយើងទាំងអស់គ្នា ទោះស្ថិតក្នុងឬក្រៅប្រទេសក្តី សូមបន្តរួបរួមសាមគ្គីគ្នា មានឆន្ទៈតែមួយ ខ្មែរស្រលាញ់ខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកថា កម្មករ-កម្មការនីទំាំងអស់ គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ជាតិ ប្រសិនបើយើងមិនបានយល់ដឹងពីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍ទេនោះ អាចបង្កចនាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទ ជីវភាពប្រជាពលរដ្ឋជួបកង្វះខាតជាក់ជាមិនខាន ដូចនេះចាំបាច់ណាស់ត្រូវចូលរួមការពារសន្តិភាព ដែលជាការតព្វកិច្ចរបស់យើងទាំងអស់គ្នា នៅក្នុងសង្គមជាតិទាំងមូល។
គោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការជាច្រើនត្រូវបំពេញ និងធ្វើការអភិវឌ្ឍន៍ ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ឱ្យកាន់តែលេចធ្លោរមួយកម្រិតថែមទៀត ដើម្បីបម្រើផលប្រយោជន៍ របស់បងប្អូនយើង។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ រោងចក្រ Minebeaជប៉ុន នឹងបើកដំណើរការខ្សែចង្វាក់ទី២របស់ខ្លួន ក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាអំឡុងខែ១២ខាងមុខនេះ៕