អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា ត្រៀមខ្លួនសហការជាមួយឡាវ ដើម្បីស៊ើបអង្កេត លើករណីដែលមានគ្រាប់ផ្លោតហោះចូលទឹកដីឡាវ


លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់ក្នុងការសហប្រតិបត្តិការពេញលេញជាមួយកងទ័ពប្រជាជនឡាវ ដើម្បីស៊ើបអង្កេតលើករណីដែលមានគ្រាប់ផ្លោតហោះចូលទឹកដីឡាវ។ ក្រោយមានការចោទផ្សព្វផ្សាយចោទប្រកាន់ក្រោមយុទ្ធសាស្ត្រដ៏ខ្មៅកខ្វក់របស់ថៃ ដើម្បីបំភ័ន្តភ្នែកមតិអន្តរជាតិ។

ការបញ្ជាក់ឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ឆ្លើយតបនឹងការចោទប្រកាន់ លាភពណ៌ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងកខ្វក់របស់អ្នកសារព័ត៌មានថៃ និងអ្នកនាំពាក្យជើងគោកថៃ អ្នកនាំពាក្យក្រសួងការពារជាតិ ការចោទប្រកាន់របស់ភាគីថៃ ថាកម្ពុជា បានប្រើអាវុធធុនធ្ងរប្រភេទ PHL-03 បាញ់ចូលដីថៃ គឺជាលេស ដែលថៃប្រើអាវុធធុនធ្ងន់មកលើកកម្ពុជា

ចំពោះការចោទប្រកាន់ពីសំណាក់អ្នកនាំពាក្យកងទ័ពជើងគោកថៃ មកលើកងទ័ពកម្ពុជា ធ្វើឡើងដោយគ្មានភស្តុតាងអ្វីទាំងអស់។ ការចោទប្រកាន់របស់ភាគីថៃ គ្រាន់តែជាលេស ដើម្បីខ្លួនចាប់ផ្តើមប្រើប្រាស់អាវុធកាន់តែសាហាវជាងមុន និងអមនុស្សធម៌ កាន់តែខ្លាំងឡើង ដើម្បីសម្រេចបំណងរំលោភឈ្លានពានកម្ពុជាតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា កម្ពុជា សូមច្រានចោល និងថ្កោលយ៉ាងដាច់អលង្ហារចំពោះចោទប្រកាន់មិនពិត និងមានចេតនាព្យាបាទពីសំណាក់ប្រទេសថៃ ដែលចោទថា កម្ពុជាបានបាញ់ផ្លោងចូលទឹកដីឡាវ ដោយចេតនា។ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រភូតកុហកល្បិកកល និងការបោកបញ្ឆោតរបស់ថៃ ក្នុងការទម្លាក់កំហុសមកលើកម្ពុជា។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា បច្ចុប្បន្ននេះ ភាគីថៃ បានប្រើប្រាស់ល្បិចបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ ក្រោមយុទ្ធកខ្វក់ធ្វើ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ។ ភាពត្រឹមត្រូវរបស់កម្ពុជា និងផ្ទុយស្រឡះពីទង្វើដ៏កខ្វក់របស់ភាគីថៃ កងទ័ពកម្ពុជា មិនដែលបានរំលោភបំពានលើដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងណាមួយនោះទេ រួមទាំងប្រទេសឡាវ ផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់សារជាថ្មីថា៖ «កម្ពុជា មានជំហរយ៉ាងត្រឹមត្រូវក្នុងការគោរពអធិបេតេយ្យភាព បូរណភាពទឹកដី របស់ប្រជាជាតិទាំងអស់ និងបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់ក្នុងការសហប្រតិបត្តិការពេញលេញដល់កងទ័ពប្រជាជនឡាវ ដើម្បីស៊ើបអង្កេតលើករណីដែលមានគ្រាប់ផ្លោតហោះចូលទឹកដីឡាវ»

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជា ទាមទារឱ្យភាគីថៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងមិនគ្រាន់តែព្យាយាមបិទទង្វើរបិទបាំងការរំលោភបំពានលើច្បាប់អន្តរជាតិពីសំណាក់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែ បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះកម្ពុជា ដោយអយុត្តិធម៌ផងដែរ៕