សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រិន្ទបាលទោ អួត រ័ត្ន ដល់គេហដ្ឋានសព នៅភូមិបន្ទាយស្រី ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានពលីជីវិតក្នុងការពារបូរណភាពទឹកដី ដោយសត្រូវឈ្លានពានថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅមូលដ្ឋានសមរភូមិមុខទិសប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់នៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពរបស់ព្រិន្ទបាលទោ អួត រ័ត្ន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាននាំយកសម្ភារៈសម្រាប់ចូលបុណ្យសព រួមមាន អង្ករ មី ជាតិ ត្រីខ ភេសជ្ជៈ មួយចំនួន និងថវិកា ១០លានរៀល៕