ក្រសួងទេសចរណ៍ រួមជាមួយពលរដ្ឋខ្មែរគ្រប់វ័យ និងមិត្តបរទេស រួមគ្នារៀបចំមូលនិធិទទួលអំណោយសប្បុរសធម៌ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកពីសង្គ្រាមឈ្លានពានរបស់ថៃ


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ រៀបចំមូលនិធិទទួលនូវអំណោយគ្រប់ប្រភេទ រួមមានជាថវិកា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់នានា ដើម្បីប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកគ្រប់វ័យរួមទាំងទារក និងស្រ្តីមានផ្ទៃពោះដែលបានភៀសខ្លួនពី ភូមិឋានរបស់ខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។

ឆ្លៀតក្នុងឱកាសដែលពោរពេញដោយក្តីស្រលាញ់ចំពោះជាតិមាតុភូមិ និងសាមគ្គីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់យ៉ាងច្បាស់ថាការចូលរួមរបស់បងប្អូន គឺជាទឹកចិត្ត និងជាការបង្ហាញនូវកម្លាំងសាមគ្គីជាធ្លុងមួយរបស់មហាគ្រួសារវិស័យទេសចរណ៍ និងប្រជាជនគ្រប់ជាតិសាសន៍ដែលស្រលាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាមឈ្លានពាន និងអនារ្យភាព រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់នូវកម្លាំងចិត្ត និងការឧបត្តម្ភដល់វីរកងទ័ពកម្ពុជាដែលនៅសមរភូមិមុខ និងប្រជាពលរដ្ឋស្លូតត្រង់គ្រប់វ័យកំពុងជួបការលំបាកដែលត្រូវបង្ខំចិត្តចាកចេញពីភូមិឋានរបស់ខ្លួនមករកទីសុវត្ថិភាពគេចពីគ្រាប់ផ្លោងរបស់ទាហានឈ្លានពានថៃ៕