រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទសរុប ១០៥រូប។
មុនដំណើរការកិច្ចប្រជុំ អង្គប្រជុំ បានធ្វើពិធីស្មិងអារម្មណ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតលើសមរភូមិប្រយុទ្ធ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ទាហានសៀម ។
បន្ទាប់មក ឯកឧត្តម ឆាយ ឫទ្ធិសែន ជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃសភាពការណ៍ទូទៅរបស់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងលទ្ធផលដ៏ត្រចេះត្រចង់នៃកងទ័ពកម្ពុជា លើសមរភូមិមុខ សមរភូមិក្រោយ សមរភូមិព័ត៌មានវិទ្យា និងសមរភូមិការទូត។ ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា ភាពជោគជ័យនៅគ្រប់សមរភូមិ គឺអាស្រ័យដោយមានការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានយុទ្ធសាស្ដ្រដឹកនាំប្រកបដោយបុរេសកម្មខ្ពស់ និងប្រកបដោយភាពចាស់ទុំ ទាំងការប្រើប្រាស់យន្ដការការទូត យន្ដការច្បាប់អន្ដរជាតិ និងយន្ដការនៃការបញ្ជាកម្លាំងទ័ព, ការតស៊ូយ៉ាងមុះមុត អង់អាចក្លាហាន ហ៊ានប្ដូរជីវិតរបស់វីរកងទ័ពជួរមុខ តទល់នឹងខ្មាំងសត្រូវឈ្លានពាន ព្រមទាំងការរួបរួមស្មារតីសាមគ្គីភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំរបស់ប្រជាជននៅទូទាំងប្រទេសដែលជាសមរភូមិក្រោយ ដើម្បីផ្ដល់កម្លាំងចិត្ត ដល់កងទ័ពនៅសមរភូមិមុខ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សក្រសួងគ្រប់លំដាប់ថ្នាក់ ក្នុងការខិតខំជួយឧបត្ថម្ភគាំទ្រ គ្រប់មធ្យោបាយ ដល់កងទ័ពនៅសមរភូមិមុខ, ការចូលរួមជួយឧបត្ថម្ភដល់ជនភៀសសឹកនៅតាមមណ្ឌលជនភៀសសឹក, និងការចូលរួមក្នុងមូលនិធិសម្បុរសធម៌ ។ ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់ក្នុងការចុះបំពេញការងារនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជាមួយ ពលករដែលវិលត្រឡប់ពីប្រទេសថៃ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ និងអាចឆ្លើយតបបន្ទាន់ទៅនឹងតម្រូវការនានាផងដែរ៕