អ្នកនាំពាក្យអាកាសចរស៉ីវិលកម្ពុជា លើកអំពីលក្ខណៈពិសេសរបស់យន្តហោះ Boeing 737-800 MAX ដែលកម្ពុជាគ្រោងទិញពីអាមេរិក, ១គ្រឿងតម្លៃចន្លោះពី ៩០-១២០លានដុល្លារអាមេរិក


ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានលើកឡើងអំពីលក្ខណៈពិសេស របស់យន្តហោះ B737-8 MAX (Boeing 737-800 MAX) ដែលកម្ពុជាគ្រោងទិញពីអាមេរិក ចំនួន១០គ្រឿង ដែលក្នុង១គ្រឿង មានតម្លៃចន្លោះពី ៩០-១២០លានដុល្លារអាមេរិក អាស្រ័យលើប្រភេទ និងជម្រើសយន្ដហោះនីមួយៗ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា យន្តហោះ B737-8 MAX (Boeing 737-800 MAX) មានចំនួនកៅអីចន្លោះពី១៦២ ទៅដល់២១០ អាស្រ័យលើការរៀបចំជា Business Class ឬក៏ Economic Classs និងមានចម្ងាយហើរជាទូទៅ បានចម្ងាយជាង ៦៥០០គីឡូម៉ែត្រ ហើយការហោះជិត ឬហោះឆ្ងាយអាស្រ័យលើម៉ាស៉ីន ដែលប្រភេទម៉ាស៉ីនខ្លះ អាចហោះបានឆ្ងាយជាង ៥៦០០គីឡូម៉ែត្រ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមទៀតថា យន្តហោះ B737-8 MAX (Boeing 737-800 MAX) នេះ មានភាពសន្សំសំចៃច្រើន ជាងប្រភេទយន្ដហោះ ដែលកម្ពុជាបានប្រើមុនៗ គឺមានសំន្សំសំចៃ រហូតដល់១៤ភាគរយ ជាពិសេសមានសម្លេងលឺតិច។

អ្វីដែលកាន់តែពិសេសនោះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា យន្តហោះ B737-8 MAX (Boeing 737-800 MAX) ប្រើប្រាស់សាំង សម្លេងលឺតិច មានភាពសន្សំសំចៃ និងការបំពុលបរិស្ថាន មានកម្រិតទាបខ្លាំងជាង យន្ដហោះប្រភេទផ្សេងៗ ហើយការថែរក្សាជួសជុល ក៏មានតម្លៃទាបផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា យន្តហោះ B737-8 MAX (Boeing 737-800 MAX) មានតម្លៃចន្លោះ ៩០លានដុល្លារ រហូតដល់១២០លានដុល្លារ អាស្រ័យទៅលើប្រភេទ យន្ដហោះនីមួយៗ ដែលកម្ពុជាធ្វើការកម្មង់បញ្ជាទិញ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា យន្តហោះ B737-8 MAX (Boeing 737-800 MAX) ត្រូវការកម្មង់ទិញ ដោយប្រើរយៈពេលចន្លោះពី៤ឆ្នាំ ទៅ៥ឆ្នាំ ព្រោះថា បច្ចុប្បន្នយន្ដហោះប្រភេទ Boeing នេះ មានប្រទេសជាច្រើននៅលើជុំវិញពិភពលោក ធ្វើការកម្មង់បញ្ជាទិញច្រើន។

សូមជម្រាបថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានប្រកាសថា កម្ពុជាទិញយន្តហោះប៊ូអ៉ិញចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយអាចចរចាទិញបន្ថែម១០គ្រឿងទៀត ស្របពេលកម្ពុជាយកពន្ធសូន្យ លើគ្រប់ទំនិញទាំងអស់របស់អាមេរិក ខណៈអាមេរិកទម្លាក់ពន្ធ ឲ្យកម្ពុជាមកត្រឹម១៩%។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងចរចារទិញ Boeing 737 Max 8 ចំនួន១០គ្រឿង ហើយមានជម្រើសអាចទិញ១០គ្រឿងទៀត ឥលូវកំពុងចរចារ ហើយសង្ឃឹមថាខែសីហានេះ អាចចុះកិច្ចព្រមព្រៀងមួយបញ្ជាក់ពីការទិញ»៕

បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា យន្ដហោះប្រភេទ Boeing នេះ មិនងាយមកនោះទេ ដោយសាររោងចក្រ Boeing ពេញទាំងអស់ ហើយនៅក្នុងឆ្នាំ២០៣១ ទើបមានយន្ដហោះថ្មីនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២៥នេះមែន ប៉ុន្ដែទាល់តែដល់ឆ្នាំ២០៣១ ទើបមានយន្ដហោះថ្មីនេះ អាចចូលមកកម្ពុជាបាន៕