ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសបើកដំណើរការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ និង មន្ត្រីច្បាប់


ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមដំណើរការប្រឡងជ្រើរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៣៧២ នាក់ ខណៈដែលមាន​បេក្ខជន​ចូលរួមប្រឡងមានចំនួនរហូតដល់​ ៤​ ៨១៣នាក់។

ការប្រឡងនេះ មានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

ដោយឡែកការប្រឡង​ជ្រើសរើសមន្រ្តី​ក្រុមប្រឹក្សា​អ្នកច្បាប់​ មានបេក្ខជនចូលរួម​ប្រឡង​ ២៩៨នាក់​ និង​រេីសត្រឹម​តែ ៨នាក់ប៉ុណ្ណោះ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ចាក់ក្នុងអំឡុងពេលកាត់វិញ្ញាសារជានិមិត្តរូបថា «វិញ្ញាសារប្រឡងនេះអាចធានាបានថាមិនមានការបែកធ្លាយនោះទេ ដែលអាចឲ្យបេក្ខជនទាំងអស់មានភាពស្មើរគ្នានៅក្នុងការប្រឡងប្រជែងនេះ ដោយផ្អែកទៅលើសម្ថភាព»