នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថោង ខុន, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម ហួត ហាក់, លោកអ្នកឧកញ៉ា ទ្រី ភាព, ឯកឧត្តម ថា យ៉ាវ, ឯកឧត្តម ស៊ុំ សន្និសិទ្ធ, លោកជំទាវ សាយ សំអាត, ឯកឧត្តម យឹម លាត, ឯកឧត្តម នួន ផារ័ត្ន, លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាននិងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ-សង្កាត់ ព្រមទាំងប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ទាំងអស់តាមប្រព័ន្ធ Zoom។
មុននឹងឈានដល់កិច្ចពិភាក្សាឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាសភាពការណ៍កើតឡើងថ្មីៗនេះ គឺជាវិញ្ញាសារដែលយើងទាំងអស់គ្នាត្រូវយកមកធ្វើការឆ្លុះបញ្ចាំង បង្កើនការប្រឹងប្រែង ដើម្បីពង្រឹងខ្លួនឯងឱ្យខ្លាំងជាងមុន ល្អជាងមុន ជាពិសេសកសាងនិងពង្រឹងធនធានមនុស្ស ឱ្យក្លាយជាប្រជាជាតិមួយដែលមានប្រជាជនដែលខ្លាំងពូកែ អាចការពារខ្លួនឯងបាន មានភាពម្ចាស់ការ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿងជាលំដាប់។ ទាំងអស់គ្នាក៏ត្រូវបន្តរួបរួមគ្នាជាធ្លុងមួយ ពង្រឹងសាមគ្គីភាព និងឯកភាពជាតិរឹងមាំ សំដៅរួមគិត និងចូលរួមគាំទ្រ ដើម្បីបង្កើនការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ។
ជាមួយគ្នានេះ សូមយកចិត្តទុកដាក់ជាពិសេសចំពោះពលករដែលត្រឡប់មកពីប្រទេសថៃ ព្រមទាំងជនភៀសសឹក ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ និងសូមជួយឧបត្ថម្ភ គាំទ្រដល់ក្រុមគ្រួសារសពវីរយុទ្ធជនពលី ឱ្យបានល្អប្រសើរ និងស័ក្តិសមការលះបង់ដ៏ធំធេងចំពោះជាតិនិងប្រជាជន។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ពីចក្ខុវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្ស និងការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តកំពង់ធំ ឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងការគាំទ្រធ្វើឱ្យខេត្តកំពង់ធំលែងជាខេត្តទៅហួសមកហួស ទាំងគម្រោងអភិវឌ្ឍន៍ ទាំងគម្រោងវិនិយោគនានា និងទាញយកសក្ដានុពលដែលមានក្នុងខេត្តឱ្យអស់ពីលទ្ធភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើន និងជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំឯកឧត្តម វង្សី វិស្សុត បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋា និងគណបក្សនៅមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន លះបង់កម្លាំងកាយចិត្ត ធនធាន សម្ភារៈ ប្រកបដោយសហថាមពល ក្នុងស្មារតីឯកភាព សាមគ្គីភាព ជាអង្គតែមួយ ស្របតាមការដ្ឋានយុទ្ធសាស្ត្រទាំងបីរបស់ក្រុមការងារ រួមមាន ទី១. ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល, ការងារ, ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម, ការបង្កើនគុណភាព និងប្រសិទ្ធភាព នៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និងប្រព័ន្ធសង្គម ព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម ទី២. ការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព និង ទី៣. ការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់និងការមួលបង្កាច់នានា។
ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្រខេត្តកំពង់ធំ និងសក្ដានុពលពិសេស ជាខេត្តធំទី២ និងសំបូរទឹក ដោយផ្ទៃខាងលើជាតំបន់ភ្នំនិងខ្ពង់រាប អំណោយផលដល់ការធ្វើចម្ការ និងផ្ទៃខាងក្រោមជាតំបន់វាលទំនាប អំណោយផលដល់ការធ្វើស្រែ ដែលត្រូវគិតគូរចាំបាច់ដល់ការអនុវត្ត «គោលនយោបាយទឹក» ឱ្យចំគោលដៅសម្រាប់ជាមូលដ្ឋានគ្រឹះគាំទ្រក្នុងការប្រែក្លាយខេត្តកំពង់ធំ ជាខេត្តឈានមុខក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
ជាក់ស្ដែង មកដល់ពេលនេះ សម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ ទ្វារទឹក បម្រើដល់ការងារកសិកម្ម កសិ-ឧស្សាហកម្ម, ការអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការស្វែងរកទីផ្សារផលិតផល, ការបណ្តុះបណ្ដាលអំពីការគ្រប់គ្រងនិងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ការគ្រប់គ្រងអាជីវកម្ម ការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថល នវានុវត្តន៍ ឧស្សាហកម្មកែច្នៃ ជំនាញចុងភៅ និងបដិសណ្ឋារកិច្ច, ការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនដោយផ្តោតលើផលិតកម្មកសិកម្មខ្នាតតូច, ការផ្ដល់យោបល់និងប្រឹក្សាផ្លូវច្បាប់ជួយប្រជាជនក្រីក្រ និងជាពិសេសខេត្តកំពង់ធំត្រូវបានរៀបចំ «សួនឧស្សាហកម្មកែច្នៃដំណាំស្វាយចន្ទីធំបំផុត» ដែលសមិទ្ធផលទាំងនេះបានបង្ហាញនូវចលនការប្រែប្រួលជាវិជ្ជមាននូវប្រសិទ្ធភាពការងារ ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី និងការរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលបានចូលរួមដោះស្រាយនូវបញ្ហាជីវភាពប្រជាជន បញ្ហាសង្គម ដើម្បីភាពរីកចម្រើននិងសុខុមាលភាពរបស់ប្រជាជន។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានផ្ដល់នូវអនុសាសន៍តម្រង់ទិសដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្រ្តីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ក្នុងបុព្វហេតុតែមួយ ប្រកបដោយថាមវន្ត ដើម្បីបន្តអនុវត្តនូវការដ្ឋានជាយុទ្ធសាស្ត្រទាំង៣របស់ក្រុមការងារ ត្រូវរួបរួមគ្នាគាំទ្រឱ្យអស់លទ្ធភាព ជិះទូកតែមួយ និងចែវទាំងអស់គ្នា ក្នុងស្មារតីជាក្រុម ដើម្បីប្រើឱកាសនេះអភិវឌ្ឍខេត្តកំពង់ធំ និងលើកកម្ពស់សេដ្ឋកិច្ចខេត្ត ក៏ដូចជាជីវភាពប្រជាជនឱ្យកាន់តែធូរធារជាលំដាប់ ដើម្បីទាក់ទាញបន្ថែមនូវសមានចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការបន្តពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ, សេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និងប្រព័ន្ធគាំពារសង្គម ព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម។
ឯកឧត្តមក៏បានផ្តល់ការណែនាំឱ្យមានការគិតគូរឡើងវិញពាក់ព័ន្ធនឹងថ្លៃជួលដីស្រែ ដោយត្រូវគិតគូរដល់ការចែករំលែកផលចំណេញផង និងបន្ទុករបស់កសិករផង។ ទន្ទឹមនេះ ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព, ការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់កម្រិតនៅមូលដ្ឋាន, ការពង្រឹង និងការកសាងពង្រីកសមាជិកបក្ស តាមផែនការដែលបានដាក់ចេញ, ការគិតគូរដល់បងប្អូនដែលទើបបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងត្រូវអនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់គណបក្សឱ្យមានប្រសិទ្ធភាព បន្តធ្វើជាគំរូល្អ ត្រូវចេះកែកំហុស និងត្រូវបង្កើនការខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹងតម្រូវការ និងសំណូមពររបស់ប្រជាជន ក៏ដូចសភាពការណ៍ជាក់ស្តែងចំពោះមុខ ស្របតាមឧត្តមគតិនិងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការបម្រើប្រជាជននិងប្រទេសជាតិ៕