នារសៀលថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារគោរពវិញ្ញាណក្ខន្ធសពអនុសេនីយ៍ត្រី ជួង លាភ វីរកងទ័ពជួរមុខ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីទិសប្រាសាទតាមាន់ ប្រឆាំងនឹងការឈ្លានពានរបស់សៀម និងបានចូលរួមរម្លែកទុក្ខជាមួយក្រុមគ្រួសារសពវីរយុទ្ធជនការពារជាតិដោយផ្ទាល់ នៅគេហដ្ឋានក្នុងភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ បានសម្តែងការសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់អនុសេនីយ៍ត្រី ជួង លាភ ដែលជាវីរកងទ័ពជួរមុខដ៏មោះមុត។ មរណភាពរបស់អនុសេនីយ៍ត្រី ជួង លាភ គឺជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហាន ដែលហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការការពារបូរណភាពទឹកដី ហើយក៏ជាការបាត់បង់នូវស្វាមី លោកឪពុក ជាទីគោរពស្រលាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា ក៏ដូចជាក្រុមគ្រួសារទាំងមូល។
ឆ្លៀតក្នុងវេលាប្រកបដោយសមានទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពអនុសេនីយ៍ត្រី ជួង លាភ សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕