រដ្ឋបាលខេត្តកែប នាំយកសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនកងទ័ពនៅទីបញ្ជាការកងពលធំលេខ៣ នៃខេត្តព្រះវិហារ


ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ជាច្រើនរូប បាននាំយកអំណោយសប្បុរសធម៌រួមមាន សម្ភារ: គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលបានមកពីកម្លាំងសាមគ្គីរបស់មន្ត្រីរាជការ ប្រជាជនខេត្តកែប និងសប្បុរសជននានា ជូនដល់កងទ័ពឈរជើងតំបន់ការពារ ព្រំដែនកម្ពុជា ថៃ នៅទីបញ្ជាការកងពលធំលេខ៣ ក្នុងខេត្តព្រះវិហារ។ ការនាំអំណោយរបស់រដ្ឋបាលខេត្តកែបនេះ បានប្រព្រឹត្តធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានសម្ដែងនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិមុខ ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។

ឯកឧត្តមបន្តទៀតថា យើងខ្ញុំជាអ្នកនៅសមរភូមិក្រោយ គឺមានតែការលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ របស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់ និងឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងផុលផុស ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តកែប។

ក្នុងនាមថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តកែប ឯកឧត្តមសូមសម្ដែងការកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជន ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕