ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ចំនួន ៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បងប្អូនវីរៈកងទ័ពទាំងអស់។
ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះវីរៈភាពអង់អាចក្លាហាន ការលះបង់សាច់ស្រស់ ឈាមស្រស់ និងការខិតខំតស៊ូយ៉ាងស្វិតស្វាញ ដើម្បីការពារបូរភាពទឹកដីកម្ពុជា ពីការឈ្លានពានខុសច្បាប់ពីកងទ័ពថៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីគំរូវីរភាពដ៏អស្ចារ្យមិនអាចប្រៀបផ្ទឹមបានរបស់វីរកងទ័ពកម្ពុជាទាំងអស់ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែគោរពស្រឡាញ់ និងជាកត្តាដែលរួមចំណែកដែលធ្វើឱ្យសហរដ្ឋអាម៉េរិកបញ្ចុះពន្ធចំពោះប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដោយលើកទឹកចិត្តឱ្យពួកគេរក្សាកម្លាំងចិត្តរឹងមាំ និងខិតខំសម្រាកព្យាបាលឱ្យបានឆាប់ជាសះស្បើយ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវីរៈកងទ័ព ដោយរៀបចំនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារ និងបានអំពាវនាវដល់សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុសម្រាប់គ្រួសារយោធិនពលី របួស និងពិការ ព្រមទាំងការផ្តល់ជាគ្រឿងឥស្សរិយយសផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបាននាំមកនូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ៕