ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការចាត់ចែងការងារគ្រប់បែបយ៉ាង ដើម្បីថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី ដោយសន្តិវិធី និងស្មារតីពហុភាគីនិយម។
ឯកឧត្តម ប៉ែន បូណា លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលម៉ោង០៤ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមបងប្អូនយើងជឿជាក់ទៅលើរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តី និងមានថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ជាពិសេស សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា ទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយមានវីរៈកងទ័ព វីរៈកងកម្លាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហានរបស់យើងក្នុងការចាត់ចែងការងារគ្រប់យ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដីឱ្យបានគង់វង្ស ដោយសន្តិវិធី នៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិ និងស្មារតីពហុភាគីនិយម»។
បន្ថែមថាពីនេះ ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសដែលបានចេញមុខឈឺឆ្អាលរឿងប្រទេសជាតិ ហើយរួមគ្នាជាធ្លុងមួយសម្តែងឆន្ទៈ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការពារសេចក្តីថ្លៃថ្នូររបស់ខ្មែរ ដែលនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានអ្នកណាមកបំបែក និងមកជាន់ពន្លិចបានឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រក្សាសេចក្តីថ្លៃថ្នូរមិនត្រូវប្រែក្លាយ ជាតិនិយម ទៅជាជ្រុលនិយមជាដាច់ខាត ក្នុងនាមជាប្រជាជាតិ គោរពច្បាប់អន្តរជាតិ៕