សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បាននិមន្តដឹកនាំព្រះសង្ឃប្រមាណ៣៥០អង្គ ដង្ហែក្បួននៅតាមផ្លូវថ្មើរជើង ដើម្បីឧទ្ទិសបុណ្យកុសលដល់កងទ័ពពលីនៅសមរភូមិ និងដឹងគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលស្វែងរកបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ រយៈពេល៥ថ្ងៃ។
ការនិមន្តរបស់ព្រះអង្គ និងព្រះសង្ឃ ដោយចេញពីមុខវត្តឧណ្ណាលាមឆ្ពោះទៅមុខវាំងជាមួយសង្ឃដីកាបំពងសម្លេង «កម្ពុជាចង់បានសន្តិភាព និងអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំស្វែងរកបទឈប់បាញ់ជូនជាតិ»។
សូមបញ្ជាក់ថា សង្គ្រាមរវាងកងទ័ពកម្ពុជា និងថៃ នៅតាមព្រំដែន ដែលឈ្លានពានដោយទាហានថៃ បានកើតឡើងរយៈពេល៥ថ្ងៃ តែក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចទាំង២ កម្ពុជា និងថៃ បានឈានដល់កិច្ចព្រមព្រៀមបទឈប់បាញ់ កាលពីវេលាម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្រ្តី និងសហរដ្ឋអាមេរិករបស់លោក ដូណាល់ត្រាំ និងមានការចូលរួមពីចិនផងដែរ។
បទឈប់បាញ់នេះបាននាំឲ្យប្រជាជនភៀសសឹករាប់ម៉ឺនគ្រួសារ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញជាបណ្តើរៗ រហូតមកដល់ពេលនេះ៕