ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមការប្រឡងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ និង មន្ត្រីវវិជ្ជាជីវៈសុខាភិបាល ក្រោមការសហការជាមួយក្រសួងសុខាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការប្រឡងប្រជែងនេះ មានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
មានប្រសាសន៍នៅពេលកាត់វិញ្ញាសាជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការប្រឡងប្រជែងស្របតាមនិយាមថ្មីសាមញ្ញទេ ចេះគឺជាប់។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខាកាលបរិច្ឆេទ និងឈ្មោះ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួលមុនឡើយ។ វិញ្ញាសាទាំងអស់ ទើបតែតាក់តែងពេលព្រឹកមិញនេះទេ»។
សម្រាប់ការប្រឡងជ្រើសរើសមន្រ្ដីការបរទេស មានបេក្ខជនចូលរួមប្រឡង៨០៣នាក់ ខណៈជ្រើសរើសត្រឹម៥០នាក់ប៉ុណ្ណោះ។ ដោយឡែកមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀង មានបេក្ខជនចូលរួមប្រឡង២៥១៤នាក់ ខណៈជ្រើសរើសត្រឹម៦៩៩នាក់ប៉ុណ្ណោះ៕