អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលមានដូចជាចាន ឆ្នាំង ស្លាបព្រា វែកបាយ វែកសម្ល ចំនួន ៥.០០០ឈុត ត្រូវបានគណៈប្រតិភូរដ្ឋបាល រាជធានីភ្នំពេញ ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក នៅតំបន់សុវត្ថិភាព វត្តពោធិ៍ ៥០០០ដេីម ស្រុកគូលែន ខេត្តព្រះវិហារ ។
ពិធីប្រគល់និងទទួលអំណោយខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ នៅវត្តពោធិ៍ ៥០០០ដេីម ស្រុកគូលែន ខេត្តព្រះវិហារ ។
ឯកឧត្តម គីម រិទ្ធី ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានជួយឧបត្ថម្ភ ចាន ឆ្នាំងចំនួន៥០០០ឈុត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដោយក្នុងមួយឈុតមានឆ្នាំងបាយ១ ឆ្នាំសម្ល១ ចានសម្លធំ១ ចានបាយ៥ ស្លាបព្រា៥ វែកបាយ និងវែកសម្ល។ បន្ថែមពីនេះ ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងនូវការអរគុណ ចំពោះលោក ឃួង ស្រេង ដែលបានចាត់តាំងឯកឧត្តម ឯក ឃុនដឿន ដឹកនាំក្រុមការងារនាំយកអំណោយសម្តេចធិបតី និង លោកជំទាវបណ្ឌិត មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាពេលនេះ។
ឯកឧត្តម ឯក ឃុនដឿន ក្នុងឱកាសនោះដែរ ក៏បាននាំទៅនូវការផ្តាំផ្ញើសាកសួរសុខទុកពីលោក ឃួង ស្រេង និងសូមអរគុណដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានរបស់ទាហានថៃ និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់ មានសុខភាពល្អ ឈ្នះអស់មាសត្រូវឈ្លានពាន។
ទន្ទឹមនិងការនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដឹកជញ្ជួនស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ម៉ូតូ និងថវិកា របស់សប្បុរសជននានា ផ្ដល់ជូនដល់មណ្ឌលសុខភាពគូលែន, កងពលធំអន្តរាគមន៍លេខ៣ ចំនួន៣ដង ជាប់ៗគ្នាផងដែរ៕