ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រោងម៉ាស៊ីន ស៊ីវឡាយ និងជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ព ដែលរងរបួសដោយសារសង្គ្រាមឈ្លានពានរំលោភដែនអធិបតេយ្យភាពកម្ពុជា ពីសំណាក់ប្រទេសសៀម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងនោះ ឯកឧត្តមបណ្ឌិត និងភរិយា ព្រមទាំងសប្បុរសជនក៏បាននាំយកនូវថវិកា, ផ្លែឈឺ ម្ហូបអាហារ និងសម្ភារប្រើប្រាស់ ជូនដល់បងប្អូនវិរកងទ័ពយើង ដើម្បីសំដែងនូវការដឹងគុណ សម្រាប់ការលះបង់ដ៏ធំធេង ដើម្បីការពារបូរណភាពដែនដីខ្មែរ ពីការឈ្លានពានដោយកងទ័ពសៀម។
ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជនក្នុង និងក្រៅប្រទេសបានឃើញហើយគួរឱ្យស្រណោះអាណិតយ៉ាងខ្លោចចិត្ត នូវវីរភាពតស៊ូប្ដូរជីវិត ដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនខ្មែរយើង រហូតដល់ពិការ និងរងរបួស។
ឯកឧត្តមបណ្ឌិត និងក្រុមការងារសូមប្តេជ្ញាបន្តនូវស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ និងដឹងគុណ ចំពោះវីរភាពរបស់កងទ័ព ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជា៕