ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំគោលនយោបាយពាណិជ្ជកម្មថ្មី​ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម


លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ពិនិត្យលើការសិក្សាស្រាវជ្រាវ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ស្តីពី «ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា ក្រោមចំណងជើងថា «ការរៀបចំគោលនយោបាយពាណិជ្ជកម្មថ្មី សម្រាប់កម្ពុជាក្នុងអំឡុងពេល និងក្រោយការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច៖ បញ្ហាប្រឈម និងកាលានុវត្តភាព»

សិក្ខាសាលានេះ សហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី និងមានវត្តមានចូលរួមដោយលោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួច នៃអង្គការ UNCTAD ព្រមទាំង លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូបផងដែរ។

លោកជំទាវរដ្ឋមន្រ្តី បានថ្លែងថា ការសិក្សាស្រាវជ្រាវនេះ នឹងរួមចំណែកផ្តល់ជាធាតុចូល ក្នុងការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ និងជួយដល់ការរៀបចំ របៀបវារៈអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន។

ក្នុងបរិបទនេះ លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំគោលនយោបាយពាណិជ្ជកម្ម​ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការបាត់បង់បណ្តើរៗ នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម ភាពបត់បែនផ្នែកច្បាប់ និងកម្មវិធីហិរញ្ញប្បទាន ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការត្រៀមខ្លួនសម្រាប់ការចាកចេញ ពីចំណាត់ថ្នាក់ជាប្រទេស​អភិវឌ្ឍន៍តិចតួច តម្រូវឱ្យមានការកែទម្រង់ច្បាប់ និងស្ថាប័ន ការជំរុញសមត្ថភាពផលិត និងការសម្របសម្រួលពិពិធកម្មការនាំចេញ ​និងការបន្តធ្វើសមារណកម្មពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មតំបន់ និងពិភពលោកផងដែរ៕