ឯកឧត្តម ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយ សហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ


នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណេីរ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាការចងក្រងជាសហគមន៍កសិកម្មទំនើប បានផ្ដល់ប្រយោជន៍ជាច្រើនជូនប្រជាកសិករ ជាពិសេសការកាត់បន្ថយថ្លៃដើមដាំដុះ ការធានាតម្លៃ និងទីផ្សារតាមរយៈការជ្រើសរើសពូជយុទ្ធសាស្ត្រ និងការចុះកិច្ចសន្យាទិញលក់ជាមុន។

បេីតាមឯកឧត្តមរដ្ឋមន្រ្តី ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការធានាទីផ្សារនិងតម្លៃ បានផ្ដល់ផលចំណេញខ្ពស់ និងឋិតថេរជូនប្រជាកសិករ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជ្រោមជ្រែងឱ្យសហគមន៍កសិកម្មទំនើបជោគជ័យជានិរន្តរ៍ ដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំការពិភាក្សា និងស្តែងចេញជាលទ្ធផលនៃការដាំដុះរួមគ្នាជាសហគមន៍កសិកម្មទំនើប ព្រមទាំងលទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ ជាពិសេសប្រព័ន្ធធារាសាស្ត្រ សម្រាប់ត្រៀមដាំដុះនៅរដូវក្រោយ៕