នារសៀលថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនិងចែកអំណោយជូនបងប្អូនពលករចំណាកស្រុកត្រលប់មកពីប្រទេសថៃ គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកពីព្រំដែនកម្ពុជាថៃ សរុបចំនួន ៣០០គ្រួសារ ស្មើនឹង ៧០០នាក់ មកពីឃុំបន្ទាយស្ទោង និងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងជួបការលំបាកនិងទុក្ខសោក ដោយសារការឈ្លានពានពីសំណាក់កងទ័ពថៃមកលើទឹកដីកម្ពុជា។
ថ្លែងក្នុងកិច្ចជំនួបសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកជូនដល់បងប្អូនទាំងអស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរយុទ្ធជនពលី និងរងរបួស។
ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យបន្តការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្ថានការណ៍ដ៏លំបាកនេះ និងសូមឱ្យបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាសុខភាពឱ្យបានល្អ រហូតដល់ស្ថានការណ៍វិលត្រលប់ទៅធម្មតាឡើងវិញ ព្រមទាំងផ្តល់នូវជំនឿទុកចិត្ត និងបន្តគាំទ្រដល់វីរយុទ្ធជន ដែលហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព ព្រមទាំងការពារបាននូវអធិបតេយ្យភាព ដោយសន្តិវិធី តាមរយៈនយោបាយការទូត និងឈរលើគោលការណ៍ច្បាប់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តបងប្អូនពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ដើម្បីស្វែងរកឱកាសធ្វើការក្នុងប្រទេសកម្ពុជា ដែលមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ ដែលមិនមានសុវត្ថិភាព នៅឆ្ងាយពីស្រុកកំណើត និងក្រុមគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការទទួលបានការងារនៅកម្ពុជាគឺបងប្អូនទទួលបានប្រាក់ខែគោលសមរម្យ និងទទួលបានអត្ថប្រយោជន៍ច្រើនពីបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.) ព្រមទាំងទទួលបានការគាំពារសុខុមាលភាព ហើយពេលចាស់ទៅក៏នឹងទទួលបានប្រាក់សោធន ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀត។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ដើម្បីចែកជូនដល់បងប្អូនពលករចំណាកស្រុក គ្រួសារកងទ័ព និងប្រជាពលរដ្ឋចំណាកស្រុក ចំនួន ៣០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ត្រីងៀត ១គីឡូក្រាម សាច់ក្រក ១គីឡូក្រាម ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ព្រមទាំងឧបត្ថម្ភដល់ប្រជាពលរដ្ឋ ៧០០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល និងគ្រួសារកងទ័ពចំនួន ១៧គ្រួសារ ក្នុង១គ្រួសារចំនួន ៤០ម៉ឺនរៀល៕