ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ យោធិនខ្មែរឥស្លាម ដែលពលីនៅសមរភូមិមុខ


ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក ដែលបានពលីក្នុងសមរភូមិ ត្រូវបានបញ្ជូនមកដល់ស្រុកកំណើត និងរៀបចំពិធីតាមប្រពៃណីសាសនាឥស្លាមដោយក្រុមគ្រួសារ និងសាច់ញតិ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

នារសៀលថ្ងៃដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី មកគោរពវិញ្ញាណក្ខ័ន្ធ និងជូនដំណើរអនុសេនីយឯក ប្រាក់ ពិសិដ្ឋ ក្នុងនាមវីរជនដែលបានពលីក្នុងបុព្វហេតុការពារជាតិ ព្រមទាំងនាំមកនូវសាររំលែកទុក្ខ និងថវិកាចូលបុណ្យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនដល់ក្រុមគ្រួសារ នៃសព។

ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ ព្រមទាំងយុទ្ធមិត្តនៃអង្គភាពដែលបានបាត់បង់ ស្វាមី ឪពុក សាច់ញាតិ ក៏ដូចជាយុទ្ធមិត្តជាទីគោរពស្រលាញ់ក្នុងពេលនេះ។

ឯកឧត្តមសូមលំឱនកាយគោរពចំពោះពលិកម្ម និងគុណបំណាច់ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដីរបស់បងប្រុស ប្រាក់ ពិសិដ្ឋ ក៏ដូចជាយុទ្ធជនទាំងអស់ប្រកបដោយមនោសញ្ចេតនាក្តុកក្តួលក្រៃលែង។ វីរភាពដ៏អង់អាចរបស់បងៗយុទ្ធជនទាំងអស់នឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន។

ក្នុងគ្រាលាគ្នាជាលើកចុងក្រោយ សូមបួងសួង ដល់វិញ្ញាណក្ខ័ន្ធ លោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ សូមបានទៅកាន់ស្ថានបរមសុខកុំបីឃ្លៀងឃ្លាត៕