អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខវីរៈកងទ័ព ដែលរងរបួសក្នុងសមរភូមិជួរមុខ កំពុងស្នាក់នៅព្យាបាលនៅផ្ទះ នៅស្រុកឯកភ្នំ


ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់លោកវរៈសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរងកងពលធំអន្តរាគមន៍លេខ៣ និងជាមេបញ្ជាការរងប្រចាំទិសភ្នំខ្មោច ខេត្តព្រះវិហារ បានរងរបួស នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលកំពុងស្នាក់នៅព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិ ព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះវីរភាពនិងឆន្ទៈដ៏មោះមុត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដី ពីសត្រូវឈ្លានពាន ព្រមទាំងនាំយក អំណោយ និងសម្ភារមួយចំនួន ក៏ដូចជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីជាការគិតគូរដល់ជីវភាពរបស់វិរៈកងទ័ពជួរមុខ។

លើសពីនេះ ឯកឧត្តម សុខ លូ ក៏បានផ្តល់សារលើកទឹកចិត្ត ដល់បងប្អូនវីរយុទ្ធជនរងរបួសឱ្យសម្រាកព្យាបាល និងគោរពតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយឡើងវិញ៕