ក្រុមហ៊ុនផលិតចំណីសត្វចំនួ​នបី ចុះកិច្ចព្រមព្រៀងប្រមូលទិញកសិផល ពោត ដំឡូងមី កញ្ជុងអង្ករ និងកន្ទក់ សរុបខ្ទង់ ១០ម៉ឺនតោនក្នុងមួយឆ្នាំ


លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វជាមួយក្រុមហ៊ុនផលិតចំណីសត្វចំនួន ៣ រួមមាន៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង។

លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ នឹងប្រមូលទិញកសិកផលក្នុងស្រុក ក្នុងបរិមាណសរុប៖ ពោតក្រហម ៥៤ ០០០តោន/ឆ្នាំ, ដំឡូងមី ១៣ ០០០តោន/ឆ្នាំ, កញ្ជុងអង្ករ ១២ ៨០០តោន/ឆ្នាំ, និងកន្ទក់ ៣០ ០០០តោន/ឆ្នាំ។

លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទី និងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និងបង្កើនឱកាសធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពដល់ប្រជាកសិករខ្មែរ។

លើសពីនេះ លោកជំទាវរដ្ឋមន្រ្តី បានធ្វើការណែនាំឱ្យក្រុមការងារក្រសួងពាណិជ្ជកម្ម បន្តកិច្ចសហការឱ្យបានជិតស្និទ្ធិជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងាររៀបចំផែនការដាំដុះ និងប្រមូលទិញ កសិផលសម្រាប់ផលិតចំណីសត្វ ជាមួយកសិករ តាមរយៈការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយផ្តោតសំខាន់ផងដែរលើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា សម្រាប់ការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធិនិងសកម្ម ជាមួយ រាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលមានជាធរមានទាំងអស់ ឱ្យបានពេញលេញ៕