ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រគល់ស្បៀងនិងសម្ភារៈមួយចំនួន ជូនដល់វីរកងទ័ពជួរមុខ និងដល់ពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ


ស្បៀងនិងសម្ភារៈមួយចំនួនត្រូវបាន ឯកឧត្តម មាស រដ្ឋា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនម្ពុជា ជូនដល់វីរកងទ័ពជួរមុខ និងដល់ពលរដ្ឋភៀសសឹក នៅថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០២៥ នៅវត្តភ្នំកំបោរ ខេត្តឧត្តរមានជ័យ ក្នុងស្មារតីរួបរួមគ្នាការពារដែនអធិបតេយ្យភាព និងបូរណភាពដែនដី ក៏ដូចជាសម្រាលបន្ទុកដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានថៃមកលើកម្ពុជា។

ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕