សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូន ឯកឧត្តម ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់តូ ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋឥណ្ឌូណេស៊ី


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតអបអរសាទរជូន ឯកឧត្តម ប្រាបូប៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋឥណ្ឌូណេស៊ី។

តាមរយៈលិខិតរបស់សម្ដេច បានឱ្យដឹងដូច្នេះថា៖ នាឱកាសដ៏សំខាន់នៃខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ សូមសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ជូន ឯកឧត្តម រដ្ឋាភិបាល និងប្រជាជននៃប្រជាជាតិដ៏អស្ចារ្យរបស់ ឯកឧត្តម។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីពេលវេលាដ៏រីករាយសម្រាប់ប្រជាជន ក៏ប៉ុន្តែជាមោទនភាពដ៏ធំធេងចំពោះសមិទ្ធផលគួរកត់សម្គាល់ជាច្រើនរបស់ ឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ឥណ្ឌូណេស៊ី ដែលបុព្វបុរសរបស់ឥណ្ឌូណេស៊ីសម្រេចបាន។

ខ្ញុំ ជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម, ឥណ្ឌូណេស៊ីនឹងបន្តដំណើរឆ្ពោះទៅសម្រេច បាននូវចក្ខុវិស័យឥណ្ឌូណេស៊ីមាសឆ្នាំ២០៤៥ ក្លាយជាប្រទេសប្រកបដោយភាពធន់ វិបុលភាព បរិយាបន្ន និងចីរភាព និងដើរតួនាទីកាន់តែសំខាន់ក្នុងសន្តិភាពពិភពលោក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានេះ ខ្ញុំ ក៏សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីបន្តជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយ៉ាងជិតស្និទ្ធ និងយូរអង្វែង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដើម្បីបម្រើឧត្តមប្រយោជន៍នៃប្រជាជាតិ និងប្រជាជនយើងទាំងពីរ និងដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងសកលលោក។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងសូមប្រសិទ្ធពរ ជូន ឯកឧត្តម សូមសមប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យ ក៏ដូចជាវិបុលភាពសម្រាប់ ប្រជាជនឥណ្ឌូណេស៊ីទាំងមូល៕