ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកឲ្យសាធារណជន បានចូលទស្សនា ពេលឆាប់ៗខាងមុខនេះ ទៅតាមពេលវេលាសមរម្យណាមួយ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួម ក្នុងពិធីបើកការហោះហើរ ធ្វើតេស្ដសាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានជោគជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «គាត់ចង់ឃើញ របស់ទំនើបមួយថ្មី ប្រទេសខ្លួនឯងវិនិយោគ ដោយប្រជាពលរដ្ឋខ្លួនឯង គាត់ចង់ដឹង ចង់ឃើញ ចង់ស្គាល់ និងចង់មកដល់ទីតាំងផ្ទាល់ ទោះយ៉ាងម្ដេចក៏ដោយ យើងត្រូវមានឱកាសបើកជូនគាត់ នៅពេលណាសមរម្យ តាមចំនួនណាមួយ»។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ដោយសារកត្តានយោបាយមានស្ថិរភាព សុខសន្តិភាព ទៅថ្ងៃមុខ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចក្លាយជាចំណុចមួយ នៃការបន្តហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍នានា ឆ្ពោះទៅកាន់បណ្ដាប្រទេសផ្សេងៗ។
បើតាមឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់, អាកាសយានដ្ឋានអន្ដរជាតិតេជោ (ព្រលានថ្មី) បានត្រៀមលក្ខណៈស្ទើររួចរាល់ទាំងស្រុង ដើម្បីទទួលភ្ញៀវជាតិ និងអន្ដរជាតិ នៅពេលឆាប់ៗ ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
មិនត្រឹមតែប៉ុណ្ណោះ ខុសប្លែកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) អ្នកជូនដំណើរអាចចូល ក្នុងបរិវេណអាកាសយានដ្ឋានអន្តជាតិតេជោ រហូតដល់កន្លែង Check In ត្រង់ចំណុចនោះ អ្នកមកចាំទទួល ក៏អាចទស្សនាពេលអ្នកដំណើរចុះពីយន្តហោះផងដែរ។
ការរៀបចំយ៉ាងដូច្នេះ បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និត ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាកាសយានដ្ឋានផ្សេងៗ មិនងាយមាននោះទេ៕