ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ វិស័យឯកជន មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ប្រមាណ ៣០០នាក់ ធ្វើដំណើរទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពី ទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និងគ្រប់ប្រភេទពីគ្រប់ទិសទី នៅលើពិភពលោកមកកាន់កម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕