គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ មិនមានការវិវត្តអ្វីគួរឱ្យកត់សម្គាល់ឡើយ ខណៈដែលកងកម្លាំងកម្ពុជា បន្តស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ នេះបើតាម លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទនាព្រឹកថ្ងៃទី១៩ ខែសីហានេះ។
លោកជំទាវបានបញ្ជាក់ថា ជាមួយនឹងការអនុវត្តជាអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC កម្ពុជាបន្តទាមទារឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា១៨រូប ដែលត្រូវយោធាថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ដែលរហូតដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយ។ ក្រសួងការពារជាតិកម្ពុជា កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិ បន្តទាមទាររហូតដល់ភាគីថៃ អនុវត្តច្បាប់អន្តរជាតិ ប្រគល់ពួកគាត់មកកម្ពុជាវិញ ដើម្បីបានជួបជុំគ្រួសារដែលកំពុងរង់ចាំ។
រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន បានរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាសជាទីបំផុត។ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញរវាងភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផល នាំមកវិញនូវសន្តិភាព ស្ថិរភាព ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កម្ពុជា បានប្តេជ្ញាចិត្តក្នុងការធ្វើការប្រកបដោយស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក កម្ពុជាសង្កេតឃើញថា មានការវិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់ ជាមូយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំ GBC និង RBC ជាដើម។ ដូច្នេះវាជាការចាំបាច់ ដែលភាគីទាំងពីរ ត្រូវតែកសាងលើការវិវត្តវិជ្ជមានទាំងនេះដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ជាពិសេស ការនាំមកវិញនូវប្រត្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ សម្រាប់ជាប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕