ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានជួបពិភាក្សាការងារ ជាមួយលោក YB Datuk Amar Haji Awang Tengah អនុអភិបាល (Premier) រដ្ឋសហព័ន្ធសារ៉ាវ៉ាក់ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ ឧស្សាហកម្ម និងវិនិយោគ និងជារដ្ឋមន្ត្រីទី២ ក្រសួងធនធានធម្មជាតិ និងអភិវឌ្ឍន៍ក្រុង នៅទីក្រុង នៅទីក្រុង Kuching ប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍កន្លងទៅ។
ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានសក្ដានុពលច្រើន ក្នុងការវិនិយោគ ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ម៉ាឡេស៊ី និងរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ដែលជារដ្ឋសហព័ន្ធមួយមានប្រភព ធនធានធម្មជាតិច្រើនដូចជាប្រេង និងឧស្ម័ន។
ទន្ទឹមគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា កម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ហើយទាក់ទងនឹងវិស័យដឹកជញ្ជូន ក៏មានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ជាក់ស្តែងកម្ពុជា បាននិងកំពុងធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិ ស្ពាន និងជាពិសេសកំពុងជីកព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់ភាពកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនកសិផល តាមផ្លូវសមុទ្រទៅកាន់ទីផ្សារនានា និងកាត់បន្ថយចំណាយ ក្នុងការដឹកជញ្ចូនទំនិញផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តមទេសរដ្ឋមន្ត្រីទៅកាន់រដ្ឋសារ៉ាវ៉ាក់ និងបានជួបពិភាក្សា ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនផងដែរ។ លោកបានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់ រហ័សនៅកម្ពុជា ហើយគាត់បានបញ្ជាក់ថា នឹងរៀបចំដឹកនាំវិនិយោគិនម៉ាឡេស៊ីមកសិក្សា ពិនិត្យលទ្ធភាពឱកាសវិនិយោគនៅកម្ពុជា លើវិស័យប្រេង ឧស្ម័ន កសិកម្ម និង វិស័យផ្សេងៗទៀត នៅពេលខាងមុខនេះ៕