ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលនីតិវិធី នៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ដល់មន្ដ្រី ដែលជាចំណែកលើកកម្ពស់គុណភាពផលិត និងសេវាទេសចរណ៍


ក្រសួងទេសចរណ៍ រៀបចំកម្មវិធីបើកបណ្ដុះបណ្ដាល ស្ដីពី «នីតិវិធីនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទេសចរណ៍» ដល់មន្ត្រីដែលជាចំណែកលើកកម្ពស់គុណភាពផលិត និងសេវាទេសចរណ៍កម្ពុជា។ កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៩​ ដល់ថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងទេសចរណ៍។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហួ​ត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីសិក្ខាកាមប្រមាណ១២០រូប។

បើតាម ឯកឧត្តម ទិត ចន្ថា, ទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលនឹងបង្កើតបាននូវផលជាវិជ្ជមាន ស្របទៅនឹងនិន្នាការទេសចរណ៍តំបន់ និងពិភពលោក នាពេលបច្ចុប្បន្ន និងទៅអនាគត។ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន ដែលទាមទារឲ្យមានច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តមានគុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត ពិសេស ច្បាប់ស្តីពី ទេសចរណ៍ដែលប្រកាសឲ្យប្រើប្រាស់ឆ្នាំ២០០៩។

ក្នុងន័យនេះ ឯកឧត្តម ទិត ចន្ថា បញ្ជាក់ថា ឈរលើទស្សនវិជ្ជានីតិរដ្ឋ (Rule of Law) រដ្ឋត្រូវតែមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ដែលធានាបាននូវសិទ្ធិសេរីភាព កម្មសិទ្ធិឯកជន និងសាធារណៈ ការពារបាននូវតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមភាព នៅចំពោះមុខច្បាប់ ធ្វើឲ្យការគ្រប់គ្រងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

ឯកឧត្តម ទិត ចន្ថា លើកឡើងថា ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបម្រើឲ្យនីតិរដ្ឋ និយាយជារួម និងនិយាយដោយឡែក ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ទាមទារឲ្យមន្ត្រីជំនាញត្រូវមានការយល់ដឹងអំពី នីតិវិធីនៃការតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដោយឈរលើគោលការណ៍ណែនាំរួមរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះមាន គុណភាព សង្គតិភាព អនុលោមភាព សាមញ្ញភាព ចីរភាព សន្តិសុខគតិយុត្ត និងប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មុំទី៤ «ការលើកកម្ពស់និងការពង្រឹង ប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្តិធម៌» និងធានាបាននូវឯកភាពក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ជឿជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់នូវពុទ្ធិដល់មន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្នុងការចូលរួមកសាងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ប្រកបដោយ គុណភាព សង្គតិភាព អនុលោមភាព សាមញ្ញភាព ចីរភាព សន្តិសុខគតិយុត្ត និងប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាបន្ន។

ក្នុងឱកាសនោះ ឯកឧត្តម ទិត ចន្ថា ណែនាំសិក្ខាកាមទាំងអស់ចូលរួម ស្ដាប់ កត់ត្រា ប្រកបដោយការយកចិត្តទុកដាក់ និងលើកទឹកចិត្តឲ្យចូលរួមសួរវាគ្មិន ដែលអញ្ជើញមកពី ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកបន្តថា នេះគឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ ក្នុងការស្រោចស្រង់បទពិសោធន៍ល្អៗពីវាគ្មិនកិត្តិយស។ លោកបន្តថា ការសិក្សាច្បាប់នៃវិស័យទេសចរណ៍មានលក្ខណៈ វិវត្តន៍ខុសៗគ្នា សូម្បីតែពាក្យពេជន៍ប្រើប្រាស់ ពីមុន និងបច្ចុប្បន្ន ដូច្នេះគប្បីគួរសិក្សាស្វែងយល់ពី សភាពការណ៍ទាំងអស់កត់ត្រាបញ្ចូលគ្នា ដើម្បីយល់ដឹងបន្ថែម។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុង គោលបំណងពង្រឹងសមត្ថភាព មន្ត្រីជំនាញ ក្រសួង និងមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ដើម្បី៖

១៖ ចូលរួមកសាងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ឲ្យមានគុណភាព សង្គតិភាព អនុលោមភាព សាមញ្ញ ភាព ចីរភាព សន្តិសុខគតិយុត្ត និងប្រសិទ្ធភាព ក្នុងការអនុវត្តស្របតាមអនុក្រឹត្យលេខ១៧០ អនក្រ .បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ ណែនាំស្តីពី នីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា។

២៖ គាំទ្រដល់ការងារកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ដែលជាការងារអាទិ ភាពទី៦ ក្នុងចំណោមការងារអាទិភាពទាំង៨ របស់ក្រសួងទេសចរណ៍ ដែលបានដាក់ចេញនាឱ កាសសន្និបាទបូកសរុបការងារឆ្នាំ២០២៤ និងលើទិសទៅការងារឆ្នាំ២០២៥។

៣៖ គាំទ្រដល់ការងារធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃសង្គម សេដ្ឋកិច្ច ទេសចរណ៍ជាសកល តំបន់។

៤៖ រួមចំណែកលើកកម្ពស់គុណភាពផលិត និងសេវាទេសចរណ៍ ដើម្បីបង្កើនភាពទាក់ទាញទេសចរ។

៥៖ គាំទ្រយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់និងពង្រឹង ប្រសិទ្ធភាពច្បាប់ សំដៅពង្រឹងគោលការណ៍នីតិរដ្ឋ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានា ថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ៕