រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពលើសមរនៅភូមិមុខ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ


រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ ពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិជាតិមាតុភូមិការពារបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពថៃ ។

ពិធីនេះបានធ្វើឡើនៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយមានការនិមន្ត និងអញ្ជើញពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត, ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ, ឯកឧត្តម គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី, ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ពិធីនេះដើម្បីរំលឹកអំពីគុណបំណាច់ដល់វីរៈយុទ្ធជនកងទ័ព ដែលបានពលីជីវិតនៅក្នុងសមរភូមិ នៅតាមខ្សែបន្ទាត់ព្រំដែកម្ពុជា ថៃ ដែលបានពលីដោយការវាយប្រហារ ពីសំណាក់ភាគីថៃនោះ រដ្ឋបាលខេត្តបានរៀបចំពិធីគោរពនូវវិញ្ញាក្ខន្ធ និងបង្សុកូល ឧទ្ទិសមហាកុសលផលបុណ្យដល់ វីរៈកងទ័ព និងប្រជាជន ដែលបានពលីក្នុងពេលសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ។

ឯកឧត្តមអភិបាលខេត្តបន្តថា យើងទាំងអស់គ្នា សូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ដែលនេះជាការបាត់បង់នូវកុលបុត្រខ្មែរដ៏អស្ចារ្យ ក្នុងការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពជាតិនិងការពារប្រជាជន ប្រកបដោយភាពអង់អាចក្លាហាន។ ការលះបង់អាយុជីវិតរបស់វីរកងទ័ពកម្ពុជា ពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ នេះសំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនេះឯកឧត្តមអភិបបាលខេត្ត និង លោកស្រីក៏បានប្រគេនទេយ្យទាន ដល់ព្រះសង្ឃ ក្នុងទីអារាមខាងលើរួមមាន៖ អង្ករ៥បេ,ទឹកត្រី៥យួរ,ទឹកសុីអុីវ៥យួរ, ទឹកសុទ្ធ៥កេស, សៀង ៥គីឡូក្រាម, អំបិល១០គីឡូក្រាម, មី៥កេស, ទឹកក្រូច៥កេស និងបច្ច័យ៤លានរៀលផងដែរ៕