ក្រសួងការបរទេស៖ ដំណើរទស្សនកិច្ច២ថ្ងៃរបស់អង្គទូត និងអង្គការអន្តរជាតិ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ បញ្ចប់ដោយក្ដីសង្ឃឹមថា សន្ដិភាពនឹងអាចស្ដារមកវិញឆាប់ៗ


ចាប់ពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៥នេះ តំណាងអង្គទូតចំនួន​៤០ និងតំណាងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ (អ.ស.ប) និងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើការងារ ផ្នែកសកម្មភាពមីនប្រចាំកម្ពុជាចំនួន ៦០រូប បានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គណៈប្រតិភូបានចុះទៅដល់មូលដ្ឋានភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកម្លាំងយោធាថៃបានចូលមករាយបន្លាលួស និងដាក់រនាំង ដាក់កង់ឡាន មិនឱ្យប្រជាជនចូលទៅលំនៅដ្ឋានខ្លួនវិញបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខ ការនឹករលឹកយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋទាំង១០គ្រួសារ ដែលរងផលប៉ះពាល់ ដោយសកម្មភាពយោធាថៃ។

គណៈប្រតិភូបានបន្តដំណើរទៅពិនិត្យទីតាំងវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ដែលបានរងគ្រោះពីការទម្លាក់គ្រាប់បែក និងទីតាំងទម្លាក់គ្រាប់ MK84 ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល នៅខេត្តឧត្តរមានជ័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានានូវបទឈប់បាញ់ឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព ដើម្បីអនុញ្ញាតឱ្យប្រជាជនដែលរងផលប៉ះពាល់ទាំងអស់ អាចវិលត្រលប់ទៅលំនៅដ្ឋានវិញ ដោយសុវត្ថិភាពក្នុងពេលឆាប់ៗ។

គណៈប្រតិភូអង្គទូត បានសម្តែងនូវក្តីសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឆាប់ៗ ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ អោយបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចដំណោះស្រាយដោយសន្តិវិធីយូរអង្វែង និងអនុញ្ញាតឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕