រដ្ឋសភាកម្ពុជា គាំទ្រយ៉ាងពេញទំហឹងលើការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបោះបង់ចោលសញ្ញាបត្រកិត្តិយសទាំងអស់ ដែលទទួលបានពីសាកលវិទ្យាល័យរបស់ថៃ


រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចេញញត្តិសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងការបោះបង់ចោលសញ្ញាបត្រកិត្តិយសទាំងអស់ដែលសម្តេចទទួលបានពីសាកលវិទ្យាល័យរបស់ថៃ។

នៅក្នុងញត្តិគាំទ្ររបស់រដ្ឋសភា ដែលបណ្តាញព័ត៌មានទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា ការសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សពីសុចរិតភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមបំផុត និងការប្តេជ្ញាចិត្តឥតងាករេរបស់សម្តេចតេជោ ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យភាព ឧត្តមប្រយោជន៍ ស្នូលរបស់ជាតិ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។

រដ្ឋសភាកម្ពុជា សូមគូសបញ្ជាក់ថា សេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចវាស់វែងដោយសញ្ញាបត្រកិត្តិយសមួយសន្លឹកនោះឡើយ។ សច្ចគុណធម៌មិនមែនស្ថិតនៅលើកាយវិការជានិមិត្តរូបពីស្ថាប័នបរទេសនោះទេ ប៉ុន្តែអាស្រ័យលើវីរភាព ការធ្វើពលិកម្មគ្រប់បែបយ៉ាងស្ទើរមួយជីវិត និងសមិទ្ធផលជាក់ស្តែងដ៏ច្រើនឥតគណនាបានរបស់សម្តេចតេជោ ក្នុងការនាំយកនូវសន្តិភាពពេញលេញ ការអភិវឌ្ឍ វិបុលភាព និងសុខដុមនីយកម្មដល់កម្ពុជា។ សម្តេចតេជោតែងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវពាក្យស្លោក «ទីណាដែលមានពលរដ្ឋរងទុក្ខតែងមានមុខ ឬវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន»។

ជាសក្ខីភាពក្នុងករណីជម្លោះកម្ពុជា-ថៃ សម្តេចតេជោ បានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនថាយប់-ថ្ងៃ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ សម្តេចតេជោ ជាមហាវីរបុរសជាតិ ជាបិតាស្ថាបនិកសន្តិភាព និងជាអគ្គមគ្គទេសក៏ដ៏ឆ្នើមរបស់មាតុភូមិនិងប្រជាជន កម្ពុជា ដែលបានលះបង់ស្ទើរពេញមួយជីវិត ហ៊ានយកជីវិតជាថ្នូរ ដើម្បីបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍ ដែលនាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍដោយចីរភាពនិងបរិយាបន្ននៅកម្ពុជា។ កិត្តិយស កិត្តិនាម និងស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ជាសច្ចភាពប្រវត្តិសាស្ត្រ បានធ្លាក់យ៉ាងជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់ជានិច្ចនិរន្តរ៍។ រដ្ឋសភាកម្ពុជាសូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលមេដឹកនាំថៃ ទាំងអ្នកនយោបាយ និងយោធាជាតិនិយមជ្រុលមួយក្រុម នៅតែបន្តធ្វើសកម្មភាពប្រកបដោយអរិភាពមកលើថ្នាក់ដឹកនាំកម្ពុជានិងប្រទេសកម្ពុជាទាំងមូល។

រដ្ឋសភាកម្ពុជា សូមបញ្ជាក់ជាឱឡារិកថា ការរំលោភបំពានបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែន ដោយបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានភាគីជាច្រើនបានខិតខំសម្របសម្រួល រួមនឹងការចាប់ខ្លួនវីរកងទ័ពកម្ពុជា ១៨នាក់ ទាំងកម្រោល និងដោយខុសច្បាប់ មិនទាន់ដោះលែង និងឧបាយកលនយោបាយបំភ្លៃការពិត និងបំភ័ន្តមតិសាធារណៈ ជាពិសេសការវាយប្រហារមកលើថ្នាក់ដឹកនាំកំពូលកម្ពុជា ជាពិសេសលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនមែនជាមធ្យោបាយល្អ ក្នុងការដោះស្រាយជម្លោះកម្ពុជា-ថៃ និងការនាំមកនូវប្រក្រតីភាពនៃទំនាក់ទំនង និងសន្តិភាពពេញលេញសម្រាប់ប្រទេសទាំង ពីរឡើយ។ ផ្ទុយទៅវិញទង្វើទាំងនេះនឹងបន្តអូសបន្លាយជម្លោះឱ្យកាន់តែយូរ ដែលនឹងបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អាយុជីវិត និងជីវភាពរស់នៅរបស់កងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនស្លូតត្រង់ ជាពិសេសស្ត្រី និងកុមាររាប់សែននាក់ រួមនឹងសេដ្ឋកិច្ចជាតិទាំងមូល។

រដ្ឋសភាកម្ពុជា សូមអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បន្តរួបរួមគ្នាជាធ្លុងមួយ គាំទ្រដល់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈព្រះរាជសារប្រទានសិទ្ធិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យភាព របស់ប្រទេសជាតិយើង ហើយប្រឆាំងដាច់ ខាតរាល់ការប៉ុនប៉ងបំផ្លាញកិត្តិយស ស្នាដៃ និងកេរដំណែលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕