កិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោក ប្រចាំខែសីហា, ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ណែនាំបន្ថែមឱ្យយកចិត្តទុកជួយរកការងារ ជូនពលករត្រឡប់មកពីប្រទេសថៃ


ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតាំងគោក នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោក ប្រចាំខែសីហា ឆ្នាំ២០២៥ និងបានដាក់ចេញទិសដៅអនុវត្តបន្តមួយចំនួន សំដៅធ្វើយ៉ាងណាក្តាប់ឱ្យជាប់នូវសភាពការណ៍កើតឡើងនៅមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់លើពលករត្រឡប់មកពីប្រទេសថៃ។

កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីឯកឧត្តម ជា បូរ៉ា អនុប្រធានទី២, អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងមានអនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំជាច្រើរូបទៀតផងដែរ។

បន្ទាប់ពីលោក ហាក់ ម៉ុងហួត បានរាយការណ៍លទ្ធផលអនុវត្តការងារក្នុងខែសីហា ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរួចមក ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវក្តាប់ឱ្យជាប់អំពីស្ថានពលករមកពីថៃ ចុះសួរសុខទុក្ខ និងខិតខំស្វែងរកឱកាសការងារជូនពួកគាត់ឱ្យបានសមរម្យ ខណៈមកដល់ពេលនេះ ខេត្តកំពង់ធំមានឱកាសការងារចំនួន ១,៨៩២កន្លែង រង់ចាំជូនបងប្អូនពលករ។ ជាមួយគ្នានោះជនភៀសសឹកដែលបានជម្លៀសមកពីព្រំដែន ក៏ត្រូវមានការយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរស់នៅរបស់ពួកគាត់ផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានណែនាំបន្ថែមដល់រដ្ឋបាលស្រុក ឃុំ ភូមិ និងកម្លាំងសមត្ថកិច្ច បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការបង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់។ បន្តបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានល្អ និងបន្តដោះស្រាយបញ្ហាយុត្តិធម៌សង្គម ពិសេសការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ ជាមួយគ្នានោះ ត្រូវខិតខំជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើនផលិតផលក្នុងស្រុក ក្នុងស្ថានភាពដែលប្រទេសជាតិប្រឈមនឹងបញ្ហាជម្លោះតាមព្រំដែនកម្ពុជា-ថៃផងដែរ។

បន្ថែមពីនេះលោកបណ្ឌិត ថោង ខុន ក៏បានណែនាំបន្ថែមឱ្យក្រុមការងារ និងមន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ បន្តក្តាប់ជាប់នូវសភាពការណ៍កើតឡើងនៅមូលដ្ឋាន ការងារសតិអារម្មណ៍នយោបាយ និងការគ្រប់គ្រងសាធារណៈមតិ សំដៅធ្វើការឆ្លើយតប និងវាយបកឱ្យបានទាល់ពេលវេលា។

ឯកឧត្តមក៏បានថ្លែងអរគុណដល់ក្រុមការងារ គណបក្សស្រុក ឃុំ ដែលបានខិតខំកសាងសមាជិកបក្សបាន ៨០,៤៦% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងសូមបន្តពង្រឹង និងពង្រីកសមាជិកបក្សឲ្យបាន ៨៥% នៅចុងឆ្នាំ២០២៥នេះ។ ជាមួយគ្នានោះត្រូវពង្រឹងនិងបង្កើនសមត្ថភាពយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក សម្រាប់ជួយការងារគណបក្សស្រុក ឃុំ ភូមិ និងសម្រាប់គោលដៅអ្នកបន្តវេនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំនៅឆ្នាំ២០២៧ ដោយក្រុមការងារគ្រោងនឹងរៀបចំពិធីសំណេះសំណាលជាមួយយុវជន និងសកម្មជនយុវជនឃុំប្រមាណ ១១០០នាក់ នៅចុងខែកញ្ញា ឆ្នាំ២០២៥ ដោយអញ្ជើញប្រធានគណបក្សខេត្តកំពង់ធំ មកចូលរួមផងដែរ។

បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានណែនាំដល់ក្រុមការងារចុះជួយស្រុក និងចុះជួយឃុំទាំង០៨ ជួយសម្រួល និងបង្កលក្ខណៈងាយស្រួយដល់សិស្សក្រីក្រចំនួន ២៨នាក់ នៅស្រុកតាំងគោក ដែលត្រូវទៅប្រលងបាក់ឌុបនៅខេត្តកំពង់ធំ នាថ្ងៃទី ២៨-២៩ សីហា ២០២៥ ខាងមុខនេះ ដោយក្រុមការងារបានសម្រេចឧបត្តម្ភក្នុងម្នាក់ ២០ម៉ឺនរៀលផងដែរ៕