អភិបាលខេត្តតាកែវ ប្រាប់សិស្សប្រឡងចូលធ្វើមន្រ្តីពន្ធនាគារ កុំព្រួយបារម្ភរឿងអន្តរាគមន៍ ឬអ្នកមានខ្នងបង្អែក អ្នកចេះគឺជាប់


នៅក្នុងឱកាសអញ្ជើញកាត់វិញ្ញាសាប្រឡងចូលក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥នេះ នៅវិទ្យាល័យជាស៊ីមតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់ក្រុមបេក្ខជនដែលចូលរួមប្រឡងទាំងអស់កុំឱ្យមានការព្រួយបារម្ភពាក់ព័ន្ធអំពើស៊ីសំណូក បក្សពួកឬមានការអន្តរាគមន៍ណាមួយ ពោលការប្រឡងនេះ គឺពឹងផ្អែកទាំងស្រុងទៅលើសមត្ថភាពផ្ទាល់ខ្លួន ដោយអ្នកចេះគឺជាប់។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិ»។

ឯកឧត្តមអភិបាលខេត្តតាកែវបានបន្ថែមទៀតថា ការប្រឡងនេះគឺធ្វើឡើងដើម្បីជ្រេីសរេីសយកតែអ្នកដែលមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ មិនមែនជ្រេីសរេីសយកអ្នកដែលមានខ្នងបង្អែកនោះទេ។

សូមជម្រាបថា មានបេក្ខជនសរុបចំនួន ៦៣៧ នាក់មកពីខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ បានដាក់ពាក្យចូលរួមប្រឡងប្រជែងចូលក្របខណ្ឌមន្ត្រីពន្ធនាគារខេត្តតាកែវក្នុងឆ្នាំនេះ។ ដំណើរការប្រឡងត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការជ្រើសរើស៕