កម្ពុជា-ថៃ បើកកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត នៅខេត្តប៉ៃលិន


ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង នៅសាលប្រជុំខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្របតាមកម្មវិធី ដែលភាគីទាំងពីរបានឯកភាពគ្នា។

កិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ ដោយថ្ងៃទី២៤ ខែសីហានេះ គឺធ្វើឡើងរវាងក្រុមលេខាធិការដ្ឋាន នៃភាគីទាំង២ និងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ស្អែក គឺធ្វើឡើងរវាងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ ដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

ចំពោះលទ្ធផលនៃក្រុមលេខាធិការដ្ឋាន អាចជាប្រទីបបើកផ្លូវជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ ជំរុញការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញ៕