ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមបានថ្លែងដូចនេះ នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៃឃុំយាអង្គ និងឃុំទ័ពមាន នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះជួយខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងសមាជិកថ្មីសរុប៦០១នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានបក្ស និងសម្តេចអនុប្រធានបក្ស ជូនដល់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកថ្ពង និងសមាជិក សមាជិកាថ្មីទាំង៦០១ នាក់ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោកបាន កោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគណបក្ស និងរចនាសម្ព័ន្ធដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងពីរ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនដើម្បីប្រជាជន។
ជាមួយគ្នានេះ ដោយថ្ងៃនេះជាខួបមួយខែ នៃការចាប់ផ្តើមការផ្ទុះអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ ឯកឧត្តមបានលើកឡើងពីខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពអង់អាច និងពោរពេញដោយសមត្ថភាពរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះភាពតានតឹង រួមមានយន្តការច្បាប់អន្តរជាតិ និងការទូត រហូតសម្រេចបានបទឈប់បាញ់។
ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តជឿជាក់ និងគាំទ្រដល់រាល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយចូលរួមរក្សាភាពចាស់ទុំ និងអត់ធ្មត់ សំដៅនាំយកសន្តិភាពពេញលេញនៅតាមបន្ទាត់ព្រំដែន និងការវិលត្រលប់មករកស្ថានភាពប្រក្រតី ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ មានការផ្ទុះអាវុធនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្ករឡើងដោយទាហានថៃ បើកការវាយប្រហារមុន ដែលបានអូសបន្លាយរយៈពេល៥ថ្ងៃ និងបណ្តាលឲ្យកងទ័ពទាំងសងខាងពលី និងរងរបួសជាច្រើននាក់ ព្រមទាំងបណ្តាលឲ្យប្រជាជនរាប់សែននាក់ត្រូវភៀសខ្លួនចាកចោលលំនៅដ្ឋាន។
តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការប្រកាន់យកយន្តការដោះស្រាយជម្លោះដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការសម្របសម្រួលពីភាគីអន្តរជាតិ យើងក៏សម្រេចបាននូបបទឈប់បាញ់មួយដែលបានចូលជាធរមានកាលពី ម៉ោង០០:០០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ពេលនេះ ម៉ោងនេះ ស្មារតីប្រជាជនកម្ពុជានៅជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខរបស់យើង៕