សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅកម្ពុជា។
បើយោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានបញ្ជាក់នៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើមនៃជំនួបនេះសម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងនាំនូវការសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រនៃកម្ពុជា ជូនចំពោះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយក្នុងនាមសម្ដេចផ្ទាល់ ក៏បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោកប្រធានាធិបតីផងដែរ ហើយសម្ដេចតេជោ បានចាត់ទុកដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា ជាផ្នែកដ៏សំខាន់នៃការរុញទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនឲ្យកាន់តែរីកចម្រើន ។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ាកូស បានសម្តែងនូវការអរគុណ និងបានផ្ដាំផ្ញើតាមរយៈសម្ដេចប្រមុខរដ្ឋស្តីទី ថ្វាយចំពោះព្រះមហាក្សត្រ ក្នុងការសាកសួរសុខទុក្ខពីលោកផ្ទាល់ ហើយលោកក៏បានបង្ហាញនូវក្តីរីករាយនៅពេលបានអញ្ជើញមកដល់កម្ពុជា និងបានឃើញមានយុវជន ប្រជាពលរដ្ឋខ្មែរ បានស្វាគមន៍យ៉ាងកក់ក្តៅ ដែលធ្វើឲ្យលោកនិងគណៈប្រតិភូមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើងពីការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបន្ថែមទៀត ដោយសម្ដេចបានបញ្ជាក់អំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងបានផ្ដល់ជាយោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា ធ្វើយ៉ាងណាបង្កើនពាណិជ្ជកម្មជាមួយគ្នាឲ្យបានច្រើនថែមទៀត ខណៈដែលបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺនៅមានកម្រិត។ សម្ដេចតេជោ ចង់ឃើញភាគីទាំងពីរ បង្កើនទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើងបន្ថែមទៀត ។
សម្ដេចតេជោ ក៏បានរំលែកអំពីវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវពង្រឹងជាមួយគ្នា ក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដោយសម្ដេចតេជោ បានកត់សម្គាល់ដោយបានបញ្ជាក់ និងអរគុណចំពោះឯកឧត្តម ម៉ាកូស ដែលលោកបានចុះចតយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសម្ដេចតេជោ បញ្ជាក់ថា ការចុះចតនេះដូចលោកអញ្ជើញមកបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចុងក្រោយ ហើយនៅពេលលោកអញ្ជើញនិវត្តន៍វិញ នឹងធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាការសម្ពោធ ដែលលោកគឺជាប្រធានាធិបតីទី១ បានហោះហើរចេញពីអាកាសអន្តរជាតិតេជោ ដែលអាចបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើរ។
ទាក់ទងនឹងចំណុចទាំងអស់នេះឯកឧត្តម ម៉ាកូស បានអរគុណចំពោះការផ្ដល់តម្លៃរបស់ភាគីកម្ពុជា ជាពិសេសឯកឧត្តមបានលើកឡើងពីការចុះចតយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានបិទនៅក្នុងពេលវត្តមានរបស់លោកអញ្ជើញមកដល់ ហើយឯកឧត្តមត្រឡប់ទៅវិញគឺតាមអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ក៏ដូចជាការសម្ពោធនៅទីនោះ ក្នុងការចាប់ផ្ដើមហោះហើរដំបូង ។
ឯកឧត្តម ម៉ាកូស ក៏បានលើកឡើងដោយឯកភាពនូវអ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ ដោយបញ្ជាក់អំពីភាគីទាំងពីរ ត្រូវបង្កើននូវទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរជាងនេះ ជាពិសេសគឺផ្ដោតទៅលើពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើទំហំពាណិជ្ជកម្ម ជាងនេះទៀតគឺកិច្ចសហប្រតិបត្តិការគ្នានៅក្នុងវិស័យទេសចរណ៍ដែលភាគីទាំងពីរត្រូវរួមគ្នាបន្ថែម។
ឯកឧត្តម ម៉ាកូស បានចាត់ទុកអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ជាផ្នែកមួយនៃការបង្កើននូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែលលោកសង្ឃឹមថា វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងមានការរីកចម្រើនតាមរយៈការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ ។
បើតាមឯកឧត្តម ជា ធីរិទ្ធ នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានពន្យល់ប្រធានាធិបតីហ្វីលីពីន អំពីស្ថានភាពព្រំដែននៃប្រទេសកម្ពុជា និងអរគុណចំពោះហ្វីលីពីន ដែលតែងតែគាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី និងជាពិសេសការគាំទ្ររបស់ហ្វីលីពីន ចំពោះការធានាឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ ។
ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ម៉ាកូស បានសន្យាក្នុងនាមជាសមាជិកអាស៊ាន នឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីឱ្យភាគី កម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី ហើយព្រំដែននៃប្រទេសទាំងពីរ វិលមកប្រក្រតី មានសន្តិភាពឡើងវិញ៕