សមាជិកព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១ នៅវត្តអង្គរតូចខាងត្បូង ខេត្តសៀមរាប


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា រួមទាំងមិត្តភក្តិ និងពុទ្ធបរិស័ទចំណុះជើងវត្ត នាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តអង្គរតូចខាងត្បូង ស្ថិតក្នុងខេត្តសៀមរាប។

នាឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកប្រារព្ធឡើងក្នុងគោលបំណងដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃ ក្នុងរដូវវស្សាពីព្រោះរដូវនេះ មានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ វត្តអង្គរតូចខាងត្បូង លោកជំទាវព្រមទាំងក្រុមគ្រួសារ រួមនឹងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ច បែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា។ ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ នៅគ្រប់វត្តអារាម។ លោកជំទាវ ឃួន ឃុនឌី បាននាំយកយកនូវសម្ភារៈ និងថវិកាមួយចំនួនចែកជូនដល់លោកយាយ លោកតាផងដែរ៕