រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានប្រារព្ធពិធី លែងកូនបង្កង និងកូនត្រី ក្នុងឱកាសអបអរទិវាមច្ឆាជាតិ ១ កក្កដា នៅចំណុចបឹងធំ ស្ថិតក្នុងភូមិក្តីបឹង ឃុំទួលវិហារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ខៀវ កាញារិទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម, ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
ក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តម អ៊ុន ចាន់ដា បានរំឭកជូនអង្គពិធីទាំងមូលថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យក ថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆាជាតិ និងតែងតែប្រារព្ធជារៀងរាល់ឆ្នាំក្នុងរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមការពារ និងអភិរក្សធនធានជលផល ដែលជាធនធានធម្មជាតិដ៏មានតម្លៃរបស់ និងដើម្បីឱ្យត្រីមេពូជទាំងឡាយ បន្តពូជពងកូន និងរីកធំធាត់។
ការរៀបចំទិវាមច្ឆជាតិដែលតែងតែប្រារព្ធធ្វើនៅតាមបណ្តាខេត្តនានាសម្រាប់ខេត្តកំពង់ចាមបានរៀបចំពិធីនេះ បានចំនួន ០២លើក ក្នុងនោះនៅឆ្នាំ២០១៥ បានប្រារព្ធពីធីទិវាមច្ឆជាតិ០១ កក្កដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នៅអាងទឹកខ្នាច ក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ និងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រារព្ធធ្វើឡើងនៅទីតាំងបឹងធំ ក្នុងស្រុកព្រៃឈរក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ណៅ ធួក បានឲ្យដឹងថា ទិវាមច្ឆាជាតិ រហូតមកដល់ពេលនេះ គឺយើងធ្វើឡើងប៉ុន្តែសង្កត់ធ្ងន់លើការ លែងកូនបង្កងឲ្យបានច្រើន ដើម្បីស្ដារឲ្យប្រទេសកម្ពុជាយើង សម្បូរបង្កងឡើងវិញ។
ឯកឧត្តម ណៅ ធួក បានបញ្ជាក់ថា ជាក់ស្ដែងក្នុងថ្ងៃនេះ យើងមានកូនបង្កង៦៥,០០០កូន ដែលត្រូវលែងនៅក្នុងបឹងធំ ដើម្បីឲ្យមានការបន្តពូជបង្កងនៅទីតាំងនេះ។ ជាមួយគ្នានោះ លោកតំណាងរាស្ត្រ បានអំពាវនាវសូមឱ្យ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ កុំនេសាទកូនបង្កង ចំពោះការដាក់លបបង្កង សូមទុកចន្លោះ ឲ្យបានធំដែលអាចធ្វើឲ្យកូនបង្កងចេញរួចផងដែរ៕