ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាតដំបង និងលោកជំទាវ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ មកពីមន្ទីរស្ថាប័នអង្គភាពនានាជុំវិញខេត្ត នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញរួមគ្នាកាន់បិណ្ឌវេនទី១ ដោយនាំយកបច្ច័យវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តពោធិ៍វាលស្ថិតក្នុង សង្កាត់រតនៈ ក្រុងបាត់ដំបង។
នាឱកាសនោះឯកឧត្តម សុខ លូ បានបញ្ជាក់ថា បុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះ ថ្លាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នេះ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី០១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤ រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរស្ថាប័ន អង្គភាពនានា ក្នុងខេត្តបាត់ដំបង ដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពោធិ៍វាល ព្រមទាំងគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១ ដើម្បីប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្ត ជាប្រយោជន៍ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រសម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។
ឯកឧត្តមបានបន្តថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ធ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខសូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតមកពីបុណ្យកាន់បិណ្ឌទី១នេះ សូមឱ្យទទួលបានមគ្គផលស្មើៗគ្នា។
ឯកឧត្តម សុខ លូ និងលោកស្រីបាននាំយកទេយ្យទាន, ទេយ្យវត្ថុមាន អង្ករ, មី,ទឹកសុទ្ធ, ទឹកក្រូច និងបច្ច័យ ដែលបានពីការចូលរួមដ៏សទ្ធាជ្រះថ្លា របស់អស់លោក-លោកស្រី សប្បុរសជនមួយចំនួនធំ ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្តពោធ៍វាល ដើម្បីទុកសម្រាប់ប្រើប្រាស់ ទៅតាមតម្រូវការរបស់វត្តផងដែរ៕