អភិបាលខេត្តកំពង់ធំ ជំរុញអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ


ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជំរុញអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។

ឯកឧត្តម នួន ផារ័ត្ន ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែសីហា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមបានណែនាំអភិបាលក្រុងស្រុកកងកម្លាំងទាំង៣ បន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមបានបន្តណែនាំអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការនៅតាមទីបញ្ជាការស្រាលទាំងតំបន់វាលក្រោម និងវាលលើ ត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម នួន ផារ័ត្ន បន្តថាក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ សូមអាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពីព្រោះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិខ្មែរ ហើយបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី តែងតែត្រឡប់មកលេងស្រុកកំណើតជួបជុំក្រុមគ្រួសារសាច់ញាតិ ដូច្នេះកងកម្លាំង សមត្ថកិច្ចត្រូវឈរនៅតាមគោលដៅសំខាន់ៗ និងទីប្រជុំជន ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរលើដងផ្លូវកុំឱ្យមានការកកស្ទះ ជាពិសេស ត្រូវដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម និងនៅតាមតំបន់ទេសចរនានា ក្នុងខេត្តផងដែរ៕  ​