ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា (គណៈកម្មការទី៤) នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងខេត្តរតនគិរី។
ឯកឧត្តម ញ៉ែម សំអឿន តាងនាមឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការក្នុង ខេត្តរតនគិរី បានរាយការណ៍ជូនឯកឧត្តមបណ្ឌិត នាង ផាតថា ក្នុងរយៈកាលកន្លង មកនេះថ្នាក់ដឹកនាំខេត្ត, ក្រុង, ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត បានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយថ្មីៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតសំខាន់លើរបៀបវារៈធានា ប្រសិទ្ធភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ជាទឡឹករណ៍ដ៏សំខាន់ សម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ បម្រើប្រជាពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ ប្រសិទ្ធភាពការងារ និងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្តន៍ នៃភាពជឿនលឿនរបស់សង្គមជាតិ ក្នុងយុគសម័យឌីជីថល។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តរតនគិរី នាពេលនេះ ឯកឧត្តមបណ្ឌិត នាង ផាត បានលើកឡងថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈកម្មការទី៤ គឺជាយន្តការមួយរបស់ព្រឹទ្ធសភា ដែលមានតួនាទីជាតំណាងការពារសិទ្ធិ ផលប្រយោជន៍ក្រុមប្រឹក្សា ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ជួយដល់ការងារសង្គម និងការអភិវឌ្ឍក្នុងភូមិភាគរបស់ខ្លួន។
ផ្តើមចេញពីតួនាទី ដ៏មានសារៈសំខាន់ខាងលើនេះ ក្រុមសមាជិកព្រឹទ្ធសភា តែងតែចុះជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ ខេត្ត អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប្រតិបត្តិករជួរមុខនៅកៀកជិត ជាមួយប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម ការអភិវឌ្ឍមូលដ្ឋាន ដំណោះស្រាយ សំណូមពរ និងកៀរគរប្រជាពលរដ្ឋឲ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ឲ្យស្របទៅតាមនីតិកាលទី៥ របស់ព្រឹទ្ធសភា ដែលផ្តោតលើចំណុចជាអាទិភាពចម្បងពីរ៖ ទី១៖ ការលើកកម្ពស់ការទូតសភា និងទី២៖ ត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គបោះឆ្នោត ជាពិសេសជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាតំណាងឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋាន និងធ្វើការជាប្រចាំជាមួយពួកគាត់ ដើម្បីរួមចំណែកដល់ការជំរុញការអនុវត្តគោល នយោបាយវិមជ្ឈការ វិសហមជ្ឈការ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តមបណ្ឌិតបន្តថា ក្នុងស្មារតីនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈកម្មការទី៤ បានរៀបចំ និងចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តរតនគិរី ដើម្បី ប្រមូលផ្តុំនូវបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនៅសេសសល់ ក្នុងគោលបំណងសំខាន់ គឺផ្តល់ព័ត៌មានអំពីបញ្ហាទាំងនេះ ជូនអស់លោក, លោក-លោកស្រី ដែលជាតំណាងសមត្ថកិច្ច និងជាប្រតិបត្តិករផ្ទាល់នៅមូលដ្ឋាន ដើម្បីរិះរកដំណោះស្រាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តមបណ្ឌិត នាង ផាត បានបញ្ជាក់ឲ្យឃើញថា ខេត្តរតនគិរី បានអនុវត្តការងាររបស់ខ្លួន ដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ហើយនៅក្នុងពិធីសំណេះសំណាល នាព្រឹកនេះនឹងចូលរួមស្តាប់ អំពីកិច្ចការងារបន្ថែមរបស់ខេត្តរតនគិរីនាពេលថ្មីៗនេះ ក៏ដូចជា ស្រាយចម្ងល់ និងពាំនាំពីអ្នកចូលរួមចំពោះបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធទៅនឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន ការងារលទ្ធកម្មមូលដ្ឋាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងកិច្ចការផ្សេងៗទៀត៕