ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រី នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តហាន់ជ័យ ក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្សី ក្នុងស្រុកស្ទឹងត្រង់។
ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្ករទម្ងន់ ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្កសរ ៥គីឡូក្រាម, តែ ៥ គីឡូក្រាម និងជាងថវិកា៤លានរៀល។ ដោយឡែកផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ព្រះអង្គ និងបច្ច័យក្នុង១អង្គ ១០ម៉ឺនរៀលផងដែរ។
សូមជម្រាថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕