លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណាលោម


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ពេជសោភ័ន អ្នកម្ដាយបង្កើតលោកជំទាវបណ្ឌិត និងសហការី យុវតីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងចូលរួមស្តាប់ព្រះធម៌ទេសនា ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្ដឧណ្ណោលោម នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងអ្នកម្ដាយ រួមទាំងសហការី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះព្រះសង្ឃនៅវត្ដឧណ្ណាលោម។

ពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅព្រឹកស្អែក ត្រូវនឹងថ្ងៃទី១៤ខែកញ្ញា នឹងមានពិធីប្រគេនយាគូ ដល់ព្រះសង្ឃ, នមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល វេរភត្ដាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លង ជាកិច្ចបញ្ចប់ពិធីបុណ្យ។

គួររម្លឹកថា កាលពីថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលត្រូវនឹងពិធីបុណ្យកាន់បិណ្ឌវេនទី១ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានដឹកនាំសហការី និងលោកពូ លោកអ៊ុំ លោកតា ប្រកបមុខរបស់ធាក់ស៊ីក្លូនៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតីរាជវរារាមផងដែរ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ គឺប្រព្រឹត្តចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។

ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕